ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សិស្សសាលា២នាក់រងរបួសបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៦ និង ១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូខាងលិចសាលាស្រុកស៊ីធរកណ្ដាលចម្ងាយ៤០០ម៉ែត្រ ស្ថិតភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល។
ដំណើររឿងៈ មានរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2l-2985 បើកបរដោយឈ្មោះ លឹម ឌីម ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើបាន រេចង្កូតទៅបុកម៉ូតូសិស្សសាលាមួយគ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1RM-0998 ពណ៌ខ្មៅ បើកបរដោយឈ្មោះ វី ធារី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល រងរបួសជើងសងខាងនិងចុកដើមទ្រូង ហើយម៉ូតូបានខ្ទាតមកប៉ះ ម៉ូតូទី២បើកបរដោយឈ្មោះ រស់ បញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិព្រៃទទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល រួមដំណើរដោយឈ្មោះ ណយ សុផា ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃទឹង ឃុំព្រៃទឹង បណ្តាលឲ្យរងរបួសបាក់កំពួនជើងខាងឆ្វេង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់