ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ: ជនសង្ស័យ​ ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​ និងបានឆែកឆេររកឃើញថ្នាំញៀន​ ២កញ្ចប់នៅនឹងខ្លួន កាលពីវេលាម៉ោង​១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ​២០១៦ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥​ ចំណុចមុខសួនឃ្លាំងសាំងសូគីម៉ិច​ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ទី១​ ឈ្មោះ សុខ​ ជា ភេទប្រុស អាយុ​ ៣១ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ​ ខេត្តកណ្តាល,​ ទី២​ ឈ្មោះ​ ប៊ុន​ ស៊ីថា ភេទប្រុស អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់ទីនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ និងទី៣​ ឈ្មោះ​ ជ័យ សុវណ្ណាល់ ភេទប្រុស អាយុ​ ២៤ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ៣៤០​ ផ្លូវលំ​ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ និងបានដកហូតម៉ូតូ​ មួយគ្រឿង​ ម៉ាកសង់កូរ៉េ​ គ្មានស្លាកលេខ​ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងចុះអនុវត្តច្បាប់ចរាចរផ្លូវគោក​ និងអាវុធជាតិផ្ទុះ​ ​ក៏ប្រទះឃើញជនសង្ស័យទាំង​ ៣នាក់​ជិះម៉ូតូ​ ដោយមានការសង្ស័យ​ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់​ និងឆែកឆេរបានរកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា​ ២កញ្ចប់​ ជាប្រភេទ​ ម៉ាទឹកកក​ ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ​ ដើម្បីធ្វើការសាកសួរ​។

បច្ចុប្បន្ន ជនសង្ស័យទាំង​៣នាក់ខាងលើ​ រួមនឹងវត្ថុតាង​ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ​ចាត់ការបន្តតាមនិតិវិធីច្បាប់​៕

មតិយោបល់