កណ្ដាលៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយបានឲ្យដឹងថា ស្ត្រីសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាល ក្រុងដើម្បីចាត់ការតាមច្បាប់ ករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កឺ គីម៉េង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ។
ជនសង្ស័យឈ្មោះ ប្រាក់ ណារី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ ។ ជនរងគ្រោះនិងស្ត្រីសង្ស័យមានទីលំនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលត្រូវជាប្អូនថ្លៃនៅផ្ទះជាប់គ្នា បានយកស្លាកយីហោផ្ទះសំណាក់មានមាន មកដាក់នៅមុខផ្ទះជាប់ព្រំដីគ្នា ភ្លាមនោះស្រាប់ស្ត្រីសង្ស័យ ដែលត្រូវជាបងថ្លៃបានស្តីបន្ទោសថា ដាក់បាំងកន្លែងខ្លួនរកស៊ីលក់ដូរមិនកើត ទើបកើតជាជម្លោះទាស់ពាក្យសំដី រហូតដល់មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ឈានដល់ធ្វើឲ្យស្ត្រីសង្ស័យយកកែវដែលកាន់ជាប់ដៃស្រាប់ វាយចំក្បាលជនរងគ្រោះបណ្តាលឲ្យរយះពីរកន្លែង និងរលាត់កែងដៃខាងស្តាំ រីឯជនសង្ស័យមានរបួសរលាត់កែងដៃ និងជង្គង់ខាងឆ្វេងផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចអន្តរាគមន៍ធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់