ភ្នំពេញៈ នារីម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿងយ៉ាងលឿន បានរេចង្កូតធ្លាក់ចេញ ពីផ្លូវទៅបុកបង្គោលភ្លើង១ដើម និងស្លាកប៉ាណូរបស់ ស្ថានីយប្រេងឥន្ធនៈ LHR បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១រំលង អធ្រាត្រថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងជើង ហ្គ្រេនភ្នំពេញ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញនារីមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿងម៉ាក តូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0265 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿន។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានរេចង្កូតទៅស្តាំដៃ ក៏ជ្រុលចង្កូតទៅបុកស្លាក ប៉ាណូរបស់ស្ថានីយប្រេងឥន្ធនៈ LHR រួមជាមួយនិងបង្គោល ភ្លើង១ដើម បណ្ដាលឲ្យបាក់រលំសង្កត់ទៅលើរថយន្ត និង ធ្លាក់ខ្សែភ្លើងរាយប៉ាយ។
ដោយទ្បែករថយន្តបង្កវិញ បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អហេតុការណ៍នេះ បណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
បន្ទប់ពីកើតហេតុបានមួយសន្ទុះ ស្រាប់តែមានរថយន្តមិន ចាំម៉ាក១គ្រឿង បានបើកមកដឹកយកនារី ដែលជាអ្នក បើកបររថយន្តបង្ក ចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕
មតិយោបល់