ព័ត៌មានជាតិ

សាខាពន្ធដាខេត្តតាកែវ ត្រូវចោរចូលគាស់រុះរើឯកសារមួយចំនួន ដោយសុវត្ថិភាព

តាកែវ: ជារឿងដែលមិនគួរកើតទាល់តែសោះ និងអាមាសបំផុត ព្រោះអគារសាខាពន្ធដាខេត្តតាកែវ ត្រូវបានក្រុមចោរចូលគាស់ កាលពីវេលាម៉ោងជាង១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយសុវត្ថិភាព ខណ:គ្មានសន្តិសុខប្រចាំការពេលយប់។

បើយោងតាមប្រភពច្បាស់ការពីសមត្ថកិច្ច បានបញ្ជាក់ថា ករណីចោរចូលគាស់អគារ សាខាពន្ធដាខេត្តតាកែវ ស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីយប់នោះ គឺបានបាត់លុយ២លានរៀល និងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ ដែលក្រុមចោរទាំងនោះបានដាក់ជណ្តើរឬស្សីឡើងចូលគាស់តាមបង្អួចអគារសាខា។

ជុំវិញករណីនេះផងដែរ លោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះថា គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ ប៉ុន្តែពិតជាមានក្រុមចោរគាស់ ចូលអគារសាខាពន្ធដាពិតមែន។
សូមបញ្ជាក់ថា លោកប្រធានសាខាបន្ធដាខេត្ត ហាក់មិនសូវពេញចិត្ត នឹងក្រុមអ្នកសារព័ត៌មាន ដែលសួររឿងចោរចូលគាស់អគាររបស់ខ្លួនទាល់តែសោះ ព្រោះមិនចង់ឲ្យថ្នាក់លើស្ដីបន្ទោស ឬដកតំណែង ដែលកើតមកពីការធ្វេសប្រហែសរបស់ខ្លួន។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសឲ្យទាល់តែបាន។

គូសបញ្ជាក់ដែរថា ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគាស់ផ្ទះប្រជាពលរដ្ឋ ផ្ទះមេប៉ុស្ដិ៍ ជាច្រើន ដល់ឥឡូវនេះ ក៏ធ្លាយព័ត៌មានគាស់អគារសាខាពន្ធដាខេត្តតែម្ដង ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចទាំងអស់ នឹងកំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួនជាក់មិនខាន៕

មតិយោបល់