កំពង់ធំៈ រមណីយដ្ឋានបឹងព្រៃប្រស់ ត្រូវបានប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ ស្គាល់ច្បាស់តាមរយៈបទចម្រៀង និងការមកទស្សនាផ្ទាល់ តាំងពីសម័យដើម តែមកដល់ពេលនេះទេសភាពរមណីយដ្ឋានបឹងធម្មជាតិ ព្រៃប្រស់កំពុងតែរលាយហិនហោច ដោយមិនមានការអភិរក្ស និងថែរក្សាការពាររមណីយដ្ឋាននេះទេ ផ្ទុយទៅវិញ បែរជានាំគ្នាឈរអោបដៃមើល ដោយមិនខ្វល់ខ្វាយសម្បីតែបន្តិចសោះឡើយ ថែមទាំងបណ្តែតបណ្តោយឲ្យមានការចាក់ដីរំលោភយកចំណីដីរបស់រមណីយដ្ឋានព្រៃប្រស់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។
តាមការឲ្យដឹងពីប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ដីចំណីថ្នល់ និងជាទីតាំងរមណីយដ្ឋានព្រៃប្រស់នេះ ឈ្មួញរស់នៅភ្នំពេញបានទិញពីលោក សួន ឡុញ អតីតមេឃុំត្បែង រស់នៅភូមិបាគង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានចាក់ដីលុបបឹងព្រៃប្រស់ ដោយមិនខ្វល់ពីការហាមឃាត់របស់អភិបាលខេត្តកំពង់ធំទេ តែផ្ទុយទៅវិញបែរជាមានការឃុបឃិយគ្នាចាក់ដីលុបបឹងព្រៃប្រស់ទៅវិញ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ធ្លាប់បានកោះហៅអ្នកសារព័ត៌មាន និងអាជ្ញាធរមន្ទីរពាក់ព័ន្ឋទៅប្រជុំនៅសាលាខេត្តកំពង់ធំ ស្តីពីការចាក់ដីនៅរមណីយដ្ឋានព្រៃប្រស់ ក្នុងន័យនោះលោកបានបញ្ជាក់ថា ទីតាំងរមណីយដ្ឋានបឹងព្រៃប្រស់នេះ បើចាក់ដីសម្រាប់ធ្វើជាតូបលក់នៅតាមដងផ្លូវ គឺមិនអនុញ្ញាតិឲ្យចាក់ទេ តែបើសិនជាការចាក់ដីតាមសំណើររបស់លោក លឹម ហេង ដែលអះអាងថា មានក្រុមហ៊ុនចិនមកវិនិយោគ បង្កើតតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ ដោយមានអាហារដ្ឋាន មានល្បែងកំសាន្តសម្រាប់បំរើសេវាកម្មទេសចរណ៍ ដូចបឹងសំរិទ្ធ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ហើយឲ្យប្រជាពលរដ្ឋនៅទីនេះមានការងារធ្វើ ទើបខេត្តពិចារណា ឬឲ្យចាក់ដីបាន។
លោក អ៊ឹម សុខឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថាពាក់ព័ន្ធនឹងការចាក់ដីលុបចំណីបឹងប្រៃប្រស់នេះ លោកពុំបានទទួលលិខិតសុំច្បាប់អនុញ្ញាតិទេ គឺការងារអ្វីគេទាក់ទងទៅតែខេត្តទេ គេមិនដែលទាក់ទងមកអង្គភាពរបស់លោកទេ តែលោកនឹងឲ្យមន្រ្តីរបស់លោកទៅពិនិត្យទីតាំងចាក់ដី ពាក់ព័ន្ធនឹងច្បាប់អនុញ្ញាតិ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មិនអាចសុំការបំភ្លឺពីករណីឈ្មួញចាក់ដីលុបចំណីស្ទឹងព្រៃប្រស់បានទេ ដោយសារតែខលចូលហើយពុំមានអ្នកទទួល កាលពីវេលាម៉ោង១និង៤៦នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ទើបមានការសង្ស័យថា ការចាក់ដីនេះ ពុំមានច្បាប់អនុញ្ញាតិ ដោយសារគ្រាន់តែឃើញ អ្នកសារព័ត៌មានថតរូប ក៏ដកគ្រឿងចក្រគេចចេញពីទីតាំងចាក់ដី៕
មតិយោបល់