បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា បុរសចំណាស់វ័យ៦៧ឆ្នាំម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ពីបទបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីម្នាក់ អាយុ៧ឆ្នាំ។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការដឹងពីលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ។
លោកអធិការបានឲ្យដឹងទៀតថា ៖ កុមារីរងគ្រោះ ឈ្មោះ ច.ល.ស អាយុ៧ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមបណ្តឹងរបស់ឪពុកកុមារីរងគ្រោះ នៅវេលាម៉ោង ៨និង៨នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះថា ៖ ឈ្មោះ ខឹម អុន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ជាមួយគ្នា បានល្បួង និងប៉ះពាល់ផ្លូវភេទកូនស្រីរបស់ខ្លួន។
ក្រោយពីទទួលបានបណ្តឹង លោកបានចាត់ចាត់តាំង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំតាគង់ ចុះទៅដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ ខឹម អុន ឃាត់ខ្លួនយកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានស្ទាបអង្អែល ប្រដាប់ភេទរបស់ក្មេងស្រីនោះចំនួន៤លើកមែន តែមិនបានស៊ីជម្រៅទេ។
ដោយផ្អែកលើបណ្តឹងរបស់ឪពុកកុមារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ វ័យ៦៧ឆ្នាំ ខឹម អុន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់