ភ្នំពេញ៖បុរសម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ស្ថិតនៅចំណុចតូបអ៊ុតសក់ក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ហើយប្រជាពលរដ្ឋនៅជិតខាង បានបង្ហើបប្រាប់ថា ករណីនេះអាចកើតឡើងប្រហែលម៉ោងជាង ១រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ដោយសារតែពួកគាត់បានលឺសំឡេងគ្រាប់កាំភ្លើង តែពួកគាត់មិនបានចាប់អារម្មណ៍ ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជាប្ដី ដែលបានបាញ់សម្លាប់ប្រពន្ធខ្លួនមានឈ្មោះ ទក ហេង អាយុ ២៤ឆ្នាំ ស្នាក់ក្នុងបន្ទាយសាលាក្ដីខ្មែរក្រហម តួនាទីជាប្រធានគ ក្នុងវរៈលេខ១៧៨ ទើបតែរៀបអាពាហ៍ពិពាហ៍បានជិត១ឆ្នាំ ជាមួយនឹងប្រពន្ធឈ្មោះ ឡុច វណ្ណៈ អាយុ ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា ប៉ុន្តែគេមិនបានដឹងពីមូលហេតុដែលបុរសជាប្ដី បានបាញ់ប្រពន្ធនៅឡើយទេ ។
បើតាមប្រភពពត៌មានដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសជាប្ដីបានចេញពីបន្ទាយ មកដល់កន្លែងកើតហេតុខាងលើ រួចក៏ធ្វើសកម្មបាញ់សម្លាប់ប្រពន្ធ និងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឱ្យស្លាប់ទាំង ២នាក់ នៅកន្លែងកើតហេតុ ។
បើតាមប្រភពពត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ករណីបុរសជាប្ដី បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯងនេះ កើតឡើងដោយសារស្នេហាត្រីកោណ ។ បច្ចុប្បន្ន សាកសពទាំង ២នាក់ប្ដីប្រពន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ច កំពុងតែធ្វើកោសល្យវិច្ច័យ មុននឹងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់