ព័ត៌មានជាតិ

ផ្ទះចំនួន៤០ខ្នង របស់គ្រួសារអតីតយុទ្ធជន ដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យ កំពុងព្រឈមនឹងការពុកផុយ

រតនគិរី: ផ្ទះចំនួន៤០ខ្នង ស្ថិតក្នុងភូមិ៣វាលឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលរាជរដ្ឋាភិបាលបានបែងចែក ព្រមទាំងដីសម្បទានសង្គមកិច្ចជូនដល់គ្រួសារ អតីតយុទ្ធជនយោធិនចូលនិវត្សន៍ គ្រួសារយុទ្ធជនបាត់បង់សមត្ថភាព ពលីពិការ ជិតមួយឆ្នាំកន្លងមកហើយនោះ គ្មានអ្នកទៅរស់នៅគ្រា ដែលផ្ទះទាំងអស់នោះកំពុងរងនូវខ្យល់ភ្លៀង ប៉ើងដំបូល ប្រឈម និងការពុកផុយ ទ្រុឌទ្រោម ដោយសារគ្មានមនុស្សរស់នៅថែរក្សារ។

លោក ខាំ ផាយ អតីតយុទ្ធជន និងនិតិសម្បទានៃកងកម្លាំងប្រដាប់អាវុធបានសារទរចំពោះអំណោយដ៏ថ្លៃថ្លានេះ ព្រោះនេះជាក្តីសង្ឃឹមចុងក្រោយសម្រាប់ដោះស្រាយជីវភាព និងជីវិតចុងក្រោយរបស់ពួកគាត់។ លោកថា ក្រោយពេលដែលរាជរដ្ឋាភិបាល បានបែងចែកហើយគ្មានអ្នកទៅរស់នៅនោះ ដោយសារទីនោះជាកន្លែងស្ងាត់ ឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយពី ឃុំ-ស្រុក ពិបាកក្នុងការបង្កបង្កើនផល ពិសេសនោះ គឺគ្មានភ្លើង គ្មានសាលារៀន គ្មានមន្ទីរពេទ្យ កត្តាទាំងនេះហើយ ទើបមិនសូវមានមនុស្សទៅរស់នៅ។

លោក យើង ណុល អតីតយុទ្ធជនបានឲ្យដឹងដែរថា ដោយសារតែខ្វះមធ្យោបាយធ្វើដំណើរ ហើយបើទៅរស់នៅទីនោះកូនចៅមិនអាចចូលរៀនសូត្របានទេ ជាមួយគ្នានេះដែរលោកបានសំណូមពរទៅរាជរដ្ឋាភិបាល សុំឲ្យអាជ្ញាធរថ្នាក់ខេត្តជួយសម្រួល ដល់ទីតាំងដីសម្បទានសង្គមកិច្ចខាងលើនេះឲ្យមានភ្លើងប្រើ មានមណ្ឌលសុខភាព សាលារៀន និងផ្សារតូចមួយផងដែរ ដើម្បីងាយស្រួលពួកគាត់ទៅរស់នៅ។

ឧត្តមសេនីយត្រី ខាំ សុគ មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្តរតនគិរី និងជាប្រធានសមាគមន៏អតីតយុទ្ធជនខេត្តរតនគីរី បានមានប្រសាសន៏ថាគ្រួសារអតីតយុទ្ធជនចំនួន៤០គ្រួសារ ក្នុងចំណោម៣០៣គ្រួសារ ទទួលបានដីផ្ទះសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយមិនបានទៅរស់នៅ។ លោកថាលោកនិងហៅគ្រួសារអតីតយុទ្ធជនទាំង៤០គ្រួសារមកណែនាំ ឲ្យពួកគាត់ចូលរស់នៅកាន់កាប់ថែរក្សាផ្ទះសម្បែង និងបង្កបង្កើនផលដើម្បីចិញ្ជឹមជីវិត ហើយបើអ្នកណាមិនមករស់នៅទេក្នុងរយ:៥ឆ្នាំទេរដ្ឋនិងដកហូតវិញ។

សូមបញ្ជាក់ថា ផ្ទះដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាល បានបែងចែកជូនគ្រួសារអតីតយុទ្ធជននោះមានចំនួន៤០ខ្នង ដែលមានទំហំផ្ទៃដី៤០គុណ៥០មែត្រ ទំហំផ្ទះ៥គុណ៧មែត្រ ព្រមទាំងដីចំនួន២ហិចតា សំរាប់ប្រកបរបរ កសិកម្មបង្ករបង្កើនផលថែមទៀតផង។ ជាចុងក្រោយគ្រួសារអតីតយុទ្ធជនដែលទទួលបានដីផ្ទះនៅតំបន់ដាច់ស្រយាលនោះបាននិយាយថា បើសិនជាមានសាលារៀន មណ្ឌលសុខភាព កូនផ្សារតូចមួយ ភ្លើងសម្រាប់ប្រើប្រាស់ ពួកគាត់និងមករស់នៅភ្លាម៕

photo_2016-08-11_17-38-18

photo_2016-08-11_17-38-21

photo_2016-08-11_17-38-23

photo_2016-08-11_17-38-25

មតិយោបល់