ព័ត៌មានជាតិ

Update: អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងក្នុងបុរីមនោរម្យ នៅសង្កាត់គីឡូម៉ែត្រលេខ៦

ភ្នំពេញៈ ផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារតែម្ចាស់ផ្ទះដុតធូបទុកចោល បានបង្កជាអគ្គិភ័យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងបុរី មនោរម្យ ផ្ទះលេខB7 ផ្លូវលេខ២០០RI ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ ទេព វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើទាហាន ស្នាក់នៅផ្ទះកើតខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដុតធូបទុកចោល ហើយក៏បានចេញទៅក្រៅផ្ទះ ដោយបានចាក់សោទ្វារ ខណៈពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ ស្រាប់តែកើតជាអគ្គិភ័យបានបណ្តាលឲ្យឆាបឆេះ ហើយត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អន្តរាគមន៍។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។

ក្រោយពីរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍រួចមក អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១២និង៥០នាទី ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានបាញ់ពន្លត់អស់ចំនួន១គ្រឿង មូលហេតុដោយសារតែម្ចាស់ផ្ទះដុតធូបទុកចោល៕

មតិយោបល់