ភ្នំពេញៈ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង ដើរដួលពីល្ងាច ក៏បានចូលសម្រាន្ត ព្រឹកឡើងប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពមានឈ្មោះ ហេង ហុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាអនិកជនខ្មែរ ត្រូវបានប្រទេសអាមេរិកបណ្តេញត្រឡប់មកស្រុកកំណើតវិញ អស់រយៈពេលជាង១០ឆ្នាំហើយ មានប្រពន្ធ តែមិនបានរៀបការ ឈ្មោះគឹម អ៊ីតា អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ មានកូនប្រុស២នាក់ រស់នៅក្នុងបន្ទុក មានស្រុកកំណើត ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា ប្តីរបស់គាត់ជាអនិកជនខ្មែរ វិលមកពីសហរដ្ឋអាមេរិក គាត់បានគ្នាជាប្តីប្រពន្ធ ជាង១០ឆ្នាំហើយ ដោយមិនបានរៀបការ ទាំងឪពុកម្តាយមិនពេញចិត្ត មានកូន២នាក់ជាចំណងស្នេហ៍ចិត្តឯង មកជួលបន្ទប់ស្នាក់នៅជាង១ឆ្នាំហើយ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុ ប្តីរបស់គាត់ជាមនុស្សនិយមហូបស្រា ហើយនៅល្ងាចថ្ងៃ២៣ ខែធ្នូម្សិលមិញ ស្រវឹងស្រា ដួលម្តងហើយ ងើបមិនរួច ត្រូវបានអ្នកជិតខាងជួយគ្រាសែង ឡើងលើផ្ទះ ចូលសម្រាកជាធម្មតា លង់លក់បាត់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤នេះ ភ្ញាក់ពីដំណេក ដាស់មិនងើប ទើបដឹងថា ស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ទៅពិនិត្យ និងធ្វើកោសល្យវិច័យ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្នុងព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានអនិកជនខ្មែរ មកពីអាមេរិកចំនួន២នាក់ហើយ ដេកស្លាប់ ម្នាក់ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ស្លាប់ដោយដាច់សរសៃឈាមខួរក្បាល ខណៈសព ត្រូវបាន ប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តដំបូកខ្ពស់ ។ ចំណែកសាកសពម្នាក់ទៀត ដេកស្លាប់ដោយជំងឺគាំងបេះដូង នៅក្នុងភូមិតាងួន សង្កាត់កាកាប១ សព បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណយតាមប្រពៃណី ៕



មតិយោបល់