ស្វាយរៀងៈករណីគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យបុរសម្នាក់បានស្លាប់នៅក្នុងរថយន្តនិងអ្នករួមដំណើរជាមួយបានរបួសក្បាលធ្ងន់ធ្ងរនៅពេលអ្នកបើករថយន្តបានបើកបរក្នុងសភាពស្រវឹងនិងក្នុងល្បឿនលឿនជែងរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានកៀរជាមួយរថយន្តនៅខាងមុខរួចជ្រុលចង្កូតបុកបង្គោលគីឡូម៉ែត្រហើយបានក្រឡាប់ប្រមាណបីបួនត្រឡប់ទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាដួលខ្ទាតជិត១០ម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាលនិងដៃជើងធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ១៣ស្ថិតនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះឆាយ វណ្ណា អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំនៅនៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។រីឯបុរសជាអ្នករួមដំណើរជាមួយឈ្មោះយក់ សារី អាយុ២៨ឆ្នាំមុខរបររត់ម៉ូតូឌុបមានទីលំនៅនៅភូមិព្រៃគាវឃុំកំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង របួសធ្ងន់បែកក្បាលជាំភ្នែកធ្ងន់និងរលាត់ដៃជើង។ចំណែកជនរងគ្រោះម្នាក់ទៀតបើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១A៤៧៣២បើកបរពីទិសខាងជើងទៅត្បូងរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងម៉ូតូខូចខាតស្រាល។ចំណែករថយន្តបង្កម៉ាកតូយ៉ូតាកាមរី(ឆ្លាម)ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២I-៦៤៩៩បើកបរពីទិសខាងត្បូងទៅជើងខូចខាតធ្ងន់ធ្ងរ។
បើតាមឈ្មោះយក់ សារី ដែលជាប្អូនថ្លៃរួមដំណើរបានឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹករូបគេនិងបងថ្លៃឈ្មោះឆាយ វណ្ណា បានជិះម៉ូតូទៅចូលរួមជប់លៀងផឹកស៊ីនៅផ្ទះមិត្តភ័ក្តនៅស្រុកស្វាយជ្រំរហូតដល់ម៉ោង៣និង១០នាទីរសៀលក៏ត្រឡប់មកវិញហើយបានចូលក្នុងមន្ទីពេទ្យខេត្តមើលម្តាយបង្កើតមានជំងឺវះពោះសម្រាកពេទ្យទើបបងថ្លៃយកម៉ូតូទៅទុកនៅកន្លែងឳពុកធ្វើការនៅពន្ធនាគារខេត្តរួចយករថយន្តបើកទៅផ្ទះក្នុងគោលបំណងទៅយកប្រពន្ធឈ្មោះកែន ស្រីរ័ត្ន អាយុ៣២ឆ្នាំនៅភូមិព្រះទន្លេឲ្យមកដេកកំដរម្តាយក្មេកពេលនោះខ្លួនជាប្អូនថ្លៃក៏ឡើងជិះរថយន្តទៅជាមួយក៏ប៉ុន្តែដោយស្រវឹងស្រាពេកក៏កាច់កៅអីដេកលក់ទៅ។ពេលដឹងខ្លួនឃើញបងថ្លៃស្លាប់ទៅហើយឡានខ្ទេចមុខយ៉ាងដំណំគួរឲ្យតក់ស្លុតណាស់។
រីឯប្រពន្ធនិងម្តាយក្មេកម្តាយធំយំបោកខ្លួនគួរឲ្យសង្វេគប្តីស្លាប់ចោលបន្សល់ប្រពន្ធនិងកូនប្រុស២នាក់ម្នាក់អាយុ៦ឆ្នាំម្នាក់ទើបតែ២ខួបឲ្យកំព្រា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងហើយសន្និដ្ឋានថាអ្នកបើករថយន្តបានបើកបរដោយស្រវឹងនិងបើកល្បឿនលឿនជែងកន្លែងគ្រោះថ្នាក់។បន្ទាប់មកធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្តរង់ចាំដោះស្រាយ៕

មតិយោបល់