ភ្នំពេញៈ ក្នុងជំនួបចូលបំភ្លឺលើកទី២នៅតុលាការ កាលពីថ្ងៃទី៨ កក្កដា លោកប៉ែន ចំរ៉ុង ត្រូវបានមន្ត្រីតុលាការបង្ហើបប្រាប់ថា លោកមិនទទួលយកលក្ខណ្ឌសម្រុះសម្រួលរបស់តុលាការនោះទេ គឺនៅតែរក្សាជំហរប្ដឹងលែងឲ្យបានដាច់ខាត។ ជាមួយជំហរមិនខុសពីអ្វីដែលលោកបានដាក់នៅក្នុងពាក្យបណ្ដឹងនេះ មន្ត្រីតុលាការបានអះអាងថា និតិវិធីបន្តក្នុងការលែងលះរបស់គូស្នេហ៍ទាំងពីរនៅតែត្រូវបន្ត។
មន្ត្រីដែលបានបម្រើការនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ បានខ្សឹបប្រាប់ថា លោកប៉ែន ចំរ៉ុង នៅតែលើកហេតុផលមិនខុសពីការចូលបំភ្លឺលើកទី១ ថាលោក និងនាងភិន សុដាលីស មិនអាចផ្សះផ្សាគ្នាបាន ដោយលើកឡើងថាគឺមានចំណុចច្រើនយ៉ាងដែលការរួមរស់មិនអាចកើតឡើង។ លោកថា តារាសម្ដែងប៉ែន ចំរ៉ុង នៅតែជំរុញឲ្យមានការលែងលះ និងថាកិច្ចសម្រុះសម្រួលមិនអាចធ្វើឡើងបានទេ ដោយសារតែភាពមិនចុះសម្រុងនឹងគ្នាកន្លងមក។
លោក ប៉ែន ចំរ៉ុង មិនអាចសុំការបំភ្លឺពាក់ព័ន្ធនឹងបញ្ហានេះបានទេ ប៉ុន្តែយោងតាមសម្ដីរបស់លោកប៉ែន រស់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃបង្ហាញខ្លួននៅតុលាការនោះថា ប្អូនប្រុសរបស់លោកមិនអាចទទួលយកការសម្រុះសម្រួលបានទេ ដោយសារតែលោកប៉ែន ចំរ៉ុង ត្រូវការលែងឲ្យដាច់។ លោកនិយាយថាយ៉ាងខ្លីថា«ចំរ៉ុងនឹងលែង គឺអត់ទទួលយកការសម្រួលទេ»។
ជាមួយនឹងការបញ្ជាក់ស្របគ្នាជាមួយមន្ត្រីតុលាការនេះ គឺមានន័យថាស្នេហាប្ដីប្រពន្ធ លោកប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នឹងត្រូវប្រកាសសាលក្រមឲ្យលែងលះក្នុងពេលខាងមុខ បន្ទាប់ពីដើមបណ្ដឹងគឺ លោកប៉ែន ចំរ៉ុង ប្រកាន់ជំហរដាច់ខាតតែត្រូវតែលែង។ គេមិនទាន់ដឹងថានិតិវិធីតុលាការនឹងប្រកាសសាលក្រមឲ្យអ្នកទាំងពីរដាច់ស្រេចគ្នាទាំងស្រុងនៅពេលណានោះទេ ក្រៅតែពីមានការទម្លាយថា ចំណាត់ការលែងគ្នានឹងត្រូវកើតឡើងឆាប់ៗ។ មានការប៉ាន់ស្មានថាកូនក្នុងផ្ទៃនឹងត្រូវកាត់ទៅឲ្យខាងម្ដាយដោយស្វ័យប្រវត្តិ តែគេមិនទាន់ដឹងថាភាគីលោកប៉ែន ចំរ៉ុង នឹងបង់អាហារកិច្ចក្នុងនាមជាឪពុកក្នុងកម្រិតណានោះទេ។ យ៉ាងណាមិញ អ្នកមេម៉ាយភិន សុដាលីស បានប្រកាសនៅលើហ្វេសប៊ុកថានាងនឹងចិញ្ចឹមបីបាច់កូនក្នុងផ្ទៃរបស់ខ្លួនក្រោយពេលមើលឃើញពន្លឺថ្ងៃ ដោយមិនត្រូវការការរូមចំណែកចំណែកពីលោកប៉ែន ចំរ៉ុង នោះឡើយ៕
មតិយោបល់