ព័ត៌មានជាតិ

មួយយប់បំពុលឆ្កែយកអស់ម៉ូតូ២គ្រឿងក្នុងនោះមាន១បង់រំលស់

ស្វាយរៀងៈ ក្រុមជនសង្ស័យមួយយប់ធ្វើសកម្មភាពបំពុលឆ្កែនិងលួចម៉ូតូបាន២គ្រឿងនៅវេលាម៉ោងប្រហែល៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចឲ្យដឹងថាមានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន០២គ្រឿងទី១ ម៉ាកហុងដាសេ125ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ1CZ-7273 និងមួយគ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ពាក់ស្លាកលេខស្វាយរៀង1N-1941(ម៉ូតូបង់រំលោះ)ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោរត្រឹមត្រូវ ចំណែកម្ចាស់ម៉ូតូមានឈ្មោះមុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុស មុខរបរធ្វើស្រែមានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពដ៏ដែលបន្តទៀតថា មុននិងក្រុមចោរចូលកាត់សោរបន្ទប់លួចយកម៉ូតូនោះក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែចំនួន០៤ក្បាលបណ្តាលឲ្យងាប់អស់០២ក្បាលនិងកំពុងពុលងីងើរជិតងាប់២ក្បាលទៀត។

ចំពោះថ្នាំពុលដែលក្រុមចោរប្រើប្រាស់ពណ៌ខៀវ។បើតាមជនរងគ្រោះបានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ១គ្រឿងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដងលុះព្រឹកម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ នេះគាត់ជាជនរងគ្រោះបានក្រោកឡើងចុះមកបត់ជើងស្រាប់តែឃើញសត្វឆ្កែ០២ក្បាលពុលបែកពពុះមាត់ងាប់បាត់ទៅហើយ និងឆ្កែ០២ក្បាលទៀតកំពុងពុលងីងើរជិតងាប់ទៀត។បន្ទាប់មកបានដើរទៅមើលបន្ទប់ដាក់ម៉ូតូឃើញស្នាមកាត់សោរចូលមើលម៉ូតូគឺបាត់ទាំង០២គ្រឿង ហើយម៉ូតូរបស់១គ្រឿងគឺទិញបង់រំលោះមិនទាន់បង់គ្រប់នៅឡើយចោរលួចទៅបាត់។

ក្រុមចោរបានស្ងប់ស្ងាត់បានប្រមាណ១ខែខណៈសមត្ថកិច្ចបង្ក្រាបចាប់បាន០៣នាក់ដែលជាក្រុមចោរមកពីខេត្តព្រៃវែងខេត្តតាកែវនិងខេត្តបន្ទាយមានជ័យឥឡូវមានក្រុមចោរផ្សេងទៀតមកធ្វើសកម្មភាពបំពុលឆ្កែកាត់សោលួចយកម៉ូតូទៅបាត់មិនដឹងជាលួចយកនៅម៉ោងប៉ុន្មាននោះទេ។សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារភូមិនិងប្រុងប្រយត្ន័ទាំងអស់គ្នា។
ក្រោយកើតហេតុជនគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់