ព័ត៌មានជាតិ

ចុម! ដាច់លុយលេងល្បែង ខ្ចីម៉ូតូគេយកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ២នាក់

បន្ទាយមានជ័យៈ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី នៅចំណុចកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ២នាក់ ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ និងដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានចំនួន ២នាក់ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់