បន្ទាយមានជ័យៈ លោកឧត្ដមសេនីយ៍ឯក ទៀវ ប៊ុនខេង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យជំនាញលើការងារភស្ដុភារ សម្ភារៈ បច្ចេកទេស បានជំរុញឲ្យកម្លាំងជំនាញមន្ទីរភស្តុភារបច្ចេកទេសទាំងអស់ត្រូវចេះថែរក្សាយានយន្ត និងអាវុធ គ្រាប់ ឲ្យបានល្អដើម្បីធានាក្នុងការប្រតិបត្តិការនានា។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមទាំងប្រធានមន្ទីរ និងនាយ នាយរងការិយាល័យចំណុះមន្ទីរសម្ភារៈ បច្ចេកទេសបានចូលរួមផងដែរ។
ដើម្បីឲ្យកិច្ចការជំនាញប្រកប ដោយប្រសិទ្ធភាពលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានលើកយកចំណុចសំខាន់ៗ បង្ហាញដល់កងកម្លាំងឲ្យយល់ដឹងដូចជា ការងារផ្គត់ផ្គង់ចិញ្ចឹមទ័ព ការងារសាងសង់ ជួសជុលជំរំជម្រក ការងារថែទាំសុខភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសម្ភារៈបរិក្ខារ ការងារគ្រឿងបំពាក់ ការងារបច្ចេកទេស និងការងារបញ្ជូនសារជាដើម។
ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានធ្វើការផ្ដាំផ្ញើរដល់កម្លាំងជំនាញទាំងអស់ ដែលបានចូលរួមប្រជុំថ្ងៃនេះ ត្រូវបន្តការងារថែទាំសមិទ្ធផល និងសម្ភារៈ ដែលមានឲ្យបានល្អប្រសើរ។ លោក បន្តទៀតថា គ្រប់បញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវបន្តយកចិត្តទុកដាក់លើការងារចិញ្ចឹមទ័ព សុខភាព អនាម័យ ដល់នាយរង និងពលអាវុធហត្ថ ក្នុងអង្គភាព បន្តលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕





មតិយោបល់