ព័ត៌មានជាតិ

Update៖ លាន់ដូចរន្ទះ! រថយន្តបុកម៉ូតូពេញទំហឹង មានទាំងស្លាប់ និងរបួសធ្ងន់សន្លប់ស្ដូក នៅលើផ្លូវ​

ស្វាយរៀង: កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣១៣ ត្រង់ចំណុចភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។

ជនរងគ្រោះឈ្មោះ ឆាយ វណ្ណា ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបររត់តាកស៊ី មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង (អ្នកបើករថយន្ត ស្លាប់) រីឯអ្នករួមដំណើរឈ្មោះ យក់ សារី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (របួសធ្ងន់) បែកក្បាលជាំភ្នែក និងរលាត់ដៃជើង។

ចំណែកជនរងគ្រោះម្នាក់ទៀត ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A-៤៧៣២ ធ្វើដំណើរពីជើងទៅត្បូង របួសធ្ងន់ធ្ងរ សន្លប់ស្ដូកនៅនឹងកន្លែង ដោយម៉ូតូខូចខាតស្រាល។ រីឯរថយន្តបង្ក ម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២I-៦៤៩៩ ធ្វើដំណើរពីទិសខាងត្បូងទៅជើង ខូចខាតធ្ងន់ធ្ងរ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរយ៉ាងលឿនពីត្បូងទៅជើង មកជិតដល់កន្លែងកើតហេតុ បានបើកវ៉ាជែងរថយន្តលុចស៊ីស១គ្រឿង និងបន្តវ៉ារថយន្តហាយឡែនឌ័រ ១គ្រឿងទៀត បណ្ដាលឲ្យប៉ះរថយន្តហាយទ្បែនឌ័រ ក៏រេចង្កូតទៅឆ្វេងបុកចម្បង្គោលថ្មគីឡូម៉ែត្រលេខ១ ប៉ើងជាង១០ម៉ែត្រ ហើយរថយន្តបង្ក ក្រឡាប់បីបួនត្រឡប់ ទៅបុកម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា ដួលខ្ទាតជិត១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាល និងដៃជើងធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែងតែម្ដង។

ដោយទ្បែកអ្នកបើករថយន្តបង្ក បែកក្បាលធ្លាយខួរ ខ្ទាតពេញផ្លូវ ស្លាប់នៅក្នុងរថយន្ត ខណ:ដែលបុរសជាប្អូនថ្លៃ រួមដំណើររបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឯសពបន្ទាប់ពីធ្វើកំណត់ហេតុរួច ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់