ព័ត៌មានជាតិ

ជនបរទេសម្នាក់ ត្រូវឃាត់ខ្លួន ពីបទលួចស្នាក់នៅខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង១៥ និង ៣០នាទីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីអធិការដ្ឋាននគរបាលក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនបរទេសរូបនេះ ឈ្មោះ ESPELAND BARD GARCIA DE PRESNO ភេទប្រុស កើតថ្ងៃទី ២៥-០៩-១៩៦៩ ជនជាតិ ណ័រវេ កាន់លិខិតឆ្លងដែនលេខ ៣៣៥៤៦៥៤៩ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩-១១-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅតាមទីសាធារណៈនានា ក្នុងក្រុងសៀមរាប។

ជនបរទេសរូបនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នាំខ្លួនពីចំណុចវត្តពោធិអារញ្ញសោមនស្ស (ហៅវត្តចក) ក្នុងពេលដែលជនបរទេសរូបនេះ កំពុងមានអាការរវើរវាយ ដេកនៅលើបង់ក្នុងវត្ត និងមានកញ្ឆាគ្រាម០១កញ្ចប់ជាប់នឹងខ្លួន លិខិតឆ្លងដែន មិនដឹងទុកនៅកន្លែងណា។

បច្ចុប្បន្ន ជនបរទេសនេះ ត្រូវបានចាត់បញ្ជូនទៅស្នាក់ការត្រៀម បណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់