ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅឃុំស្វាយចេក

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាបុរសវ័យ៥៧ឆ្នាំម្នាក់បានស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅវេលាម៉ោង ៦និង២៩នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ៖ ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ប្រេម ណាក់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S 0803 ។ចំណែកអ្នកបើកបរគោយន្តច្នៃ ឈ្មោះ មុង ថឿង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អធិការស្រុកស្វាយចេក បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ អ្នកបើកបរគោយន្តច្នៃ និងម៉ូតូបានបើកស្របទិសគ្នា ពីខាងលិចទៅទិសខាងកើត ម៉ូតូបានបត់ឆ្វេងស្របពេលនោះក៏ត្រូវគោយន្តបុកតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូមិនគោរពសិទ្ធអាទិភាព ។ចំពោះវត្ថុតាងម៉ូតខូចខាតធ្ងន់ គោយន្តខូចខាតស្រាល បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាន រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់