ព័ត៌មានជាតិ

ច្រក​របៀង​​អូរ​បី​ជាន់ ​នៅតែ​ជា​ចំណុច​នាំ​ពលករ​ចេញ​​ខុសច្បាប់

បន្ទាយមានជ័យ: ពលករខែ្មរកំពុងតែសម្រុកចេញ ទៅធ្វើការនៅប្រទេសថៃវិញ តាមច្រករបៀង ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ទោះបីជាសមត្ថកិច្ចនគរបាលតែងតែធ្វើការបង្ក្រាបបានជាញឹកញាប់យ៉ាងណាក៏ដោយ ច្រករបៀងដែលគ្រប់គ្រងដោយសមត្ថកិច្ចជួរមុខនៅតាមបន្ទាត់ព្រំដែនតំបន់អូរបីជាន់នៅតែបន្តបើកឲ្យពលករខ្មែរ ចេញដោយខុសច្បាប់យ៉ាងរលូន។

ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែតុលា ម្សិលមិញនេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការទប់ស្កាត់ អប់រំពលករដែលធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃចំនួន១៣៧នាក់ ឲ្យត្រឡប់ទៅលំនៅឋានវិញ និងធ្វើឯកសារឆ្លងដែនដែលស្របច្បាប់។

លោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងរបស់លោក ធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ កម្លាំងនគរបាលការពារព្រំដែនគោកអូរបីជាន់៩១១ ធ្វើការទប់ស្កាត់ អប់រំ ពលករលួចឆ្លងដែនដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ចម្ការគរ និងច្រកក្តិបថ្ម ចំនួន១៣៧នាក់ ក្នុងនោះស្រី៦៣នាក់ មកពីខេត្តបន្ទាយមានជ័យ ចំនួន៦២នាក់ ស្រី២៩នាក់ ខេត្តសៀមរាប ចំនួន៤៦នាក់ ស្រី២១នាក់ និងខេត្តកំពង់ធំ ចំនួន២៩នាក់ ស្រី១៣នាក់។

លោកបន្តថាតាមការចំភ្លឺរបស់ក្រុមពលករ ពួកគាត់ធ្វើចំណាកស្រុកនេះ គឺក្នុងគោលចំណងទៅធ្វើជាកម្មករសំណង់ កម្មករចម្ការដំឡូង ចម្ការពោត និងចម្ការអំពៅ នៅខេត្តស្រះកែវ និងខេត្តត្រាតប្រទេសថៃ។ ជាមួយគ្នានេះ លោក បានធ្វើការអប់រំណែនាំពួកគាត់ឲ្យយល់ពីគ្រោះថ្នាក់ និងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ និងបង្វែរឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីធ្វើឯកសារឆ្លងដែនស្របច្បាប់។

គួររំលឹកថា កន្លងមកទោះបីជាមានការបញ្ជាឲ្យបិតច្រករបៀងនានា ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់ពលករឆ្លងដែន និងទំនិញនាំចូល ខុសច្បាប់ ពីសំណាក់សម្តេចក្រឡាហោម ស ខេង យ៉ាងណាក៏ដោយ ក៏សកម្មភាពពលករឆ្លងដែន និងទំនិញនាំចូលដោយខុសច្បាប់ទាំងនេះនៅតែបន្តកើតមានតាមច្រករបៀងនានា ក្នុងតំបន់ឃុំអូរបីជាន់ដដែល៕

photo_2016-10-05_11-58-02

photo_2016-10-05_11-57-48

photo_2016-10-05_11-57-50

photo_2016-10-05_11-57-52

photo_2016-10-05_11-57-53

photo_2016-10-05_11-57-58

photo_2016-10-05_11-58-00

មតិយោបល់