រតនគីរីៈ ដើម្បីពង្រឹងយន្តការនៃការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ ឲ្យកាន់តែប្រសើរជាងមុន ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលសេវាសាធារណៈ ទំនាក់ទំនងជាមួយប្រព័ន្ធតុលាការ សាលាដំបូងខេត្តរតនគីរី បានធ្វើពិធីប្រកាសតែងតាំង ប្រធាន អនុប្រធានលេខាធិការដ្ឋាន ក្រោមការសម្រេចបង្កើតឡើងដោយក្រសួងយុត្តិធម៌។
កាលពីលាម៉ោង ៣រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ សាលាដំបូងខេត្តរតនគីរី បានធ្វើពិធីប្រកាសតែងតាំង ប្រធានអនុប្រធាន លេខាធិការដ្ឋាន ដល់មន្ត្រីតុលាការ ចំនួន ២រូប ព្រមទាំងប្រគល់ត្រាជាផ្លូវការនៅសាលប្រជុំ សាលាខេត្តរតនគីរី ក្រោមអធិបតីភាព លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកសៀង គង់ អគ្គនាយករង ជាតំណាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោក ញែម សំអឿន អភិបាលរងខេត្ត លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគីរី ព្រមទាំងលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី លោកមេបញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមានការចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋានតាមបណ្ដាស្រុកផងដែរ។
លោក កែវ ពិសុទ្ធ អតីតៈនាយកក្រឡាបញ្ជីតុលាការ បច្ចប្បន្នត្រូវតែងតាំងជាប្រធានលេខាធិការដ្ឋាន លោក ប្រាក់សឿន អតីតៈ នាយកក្រឡាបញ្ជីអយ្យការ ត្រូវតែងតាំងជាអនុប្រធានលេខាធិការដ្ឋាន។
ក្នុងឳកាសនោះ លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគីរី បានឡើងសំដែងមតិស្វាគមន៍ដ៏កក់ក្ដៅចំពោះ វត្តមានលោក ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងគណៈប្រត្តិភូអមដំណើរ។ លោកក៏បានលើកឡើងថា នេះជាផ្នែករជឿនលើវិស័យតុលាការ ដើម្បីសម្រួលកិច្ចការរដ្ឋបាលតុលាការ និងព្រឹងឯករាជភាពរបស់តុលាការ ធានានូវគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវា បង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិធម៌ ដែលកាលពីមុនបន្ទុកនេះ ត្រូវគ្រប់គ្រងដោយប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ដោយមានក្រឡាបញ្ជីជាសេនាធិការ បង្កភាពស្មុគស្មាញ ដោយហេតុថា ទាំងប្រធានតុលាការ ព្រះរាជអាជ្ញា នាយកក្រឡាបញ្ជីរ ត្រូវទទួលបន្ទុករដ្ឋបាលផង ដោះស្រាយរឿងផង។ ចាប់ពីពេលនេះតទៅ រដ្ឋបាលតុលាការមានតែមួយ ដែលហៅបានថា លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង។ ហើយតួនាទីរបស់លេខាធិការដ្ឋាន ជាសេនាធិការឲ្យសាលា អយ្យការអមសាលាដំបូង ការងាររដ្ឋបាលតុលាការ ជំនួយផ្នែកបច្ចេកទេស ការងារបុគ្គលិក ហិរញ្ញវត្ថុ និងការងារទំនាក់ទំនងសាធារណៈជន ចុះបញ្ជីសំណុំរឿងក្ដី ទទួលពាក្យបណ្ដឹង អាចនិយាយបានថា (អង្គភាពច្រកចេញចូលតែមួយរបស់សាលាដំបូងខេត្ត)។
ទន្ទឹមនោះដែរ លោក ជិន ម៉ាលី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានឡើងសំណេះសំណាល និងមានមតិផ្ដាំផ្ញើដល់លោកប្រធានលេខាធិការដ្ឋាន និងអនុប្រធានទើបទទួលតួនាទីថ្មី ឲ្យមានការទទួលខុសត្រូវ ក្នុងកាលើកកំពស់យន្តការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា យន្តការនៃការដំណើរការរបស់លេខាធិការដ្ឋាននេះគឺ ប្រជាពលរដ្ឋនៅពេលដែលគាត់មានបញ្ហាមកដាក់ពាក្យបណ្ដឹង គាត់មានចម្ងល់ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ គាត់ចង់ដឹងពីសំណុំរឿងរបស់គាត់ គឺគាត់ត្រូវជួបមុនគេ លេខាធិការដ្ឋាននេះឯង ពីព្រោះនេះជាច្រកចេញចូលតែមួយ សំរាប់ទំនាក់ទំនងប្រព័ន្ធសាធារណៈ ពិសេសគឺ ផ្ដល់ព័ត៌មានជូនអ្នកសាព័ត៌មាន។ លោកបានបន្ថែមថា លេខាធិការដ្ឋាននេះ ជាអង្គភាពមួយថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល រៀបចំបង្កើតឡើងដោយក្រសួងយុត្តិធម៌៕
មតិយោបល់