ព័ត៌មានជាតិ

រថយន្តលុចស៊ីស 400H បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្ត១គ្រឿង ម៉ាកីចស៊ីស 400H បើកបរក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវទំនប់៧០ ត្រង់ចំណុចក្បែរ នឹងការ៉ាស់សាំង ToTal ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស 400H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-2460 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវទំនប់៧០ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ដោយដាច់ក្រឡេកង់មុខ ផ្នែកខាងឆ្វេង បើកបានប្រហែល ៥០ ម៉ែត្រទៅមុខលែងរួច រីឯទ្រូងផ្លូវវិញបែកខូចខាតអស់មួយចំហៀង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃទេ គ្រាន់តែខូចខាតព្រទ្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ដោយទ្បែកតៃកុង បានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃសង្នការរាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់