កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩ តារាចម្រៀង Original Song កញ្ញា អេដា និង គូដណ្ដឹងជនជាតិអាមេរិកកាត់ខ្មែរ បានបើកសម្ពោធហាងមួយយ៉ាងកាលីប មុនថ្ងៃឆ្លងឆ្នាំចូលមកដល់។ មុខរបររបស់នាង ត្រូវបានប្រកាសថា នឹងក្លាយជាមុខរបរបន្ថែមពីលើអាជីពចម្រៀង ខណៈដែលនាងប្រាប់ថា ដើម្បីស្វែងរកចំណូលទប់នឹងសិល្បៈ។
កញ្ញា អេដា និយាយថា គូដណ្ដឹងរបស់នាង និង នាង តស៊ូបើកហាងអាហារប្រភេទ Fast Food ឈ្មោះ Tacos ដែលជាប្រភេទអាហារពេញនិយមនៅអាមេរិក និង មិចស៊ិចកូ ប្រមាណជាង១ឆ្នាំមកហើយ ដោយតស៊ូបើកតាំងពីជាកូនតូបតូច រហូតដល់បើកជាហាង ដែលមានកន្លែងអង្គុយទទួលទាន។ មកទល់ពេលនេះ ហាងរបស់នាងមាន២សាខាហើយ ដោយសាខាទី១នៅក្រោយទីស្នាក់ការកណ្ដាលធនាគារ ABA បឹងកេងកង និងសាខាទី២នៅផ្លូវ៥៩០ ក្រោយគេហដ្ឋានសម្ដេចសេនាទៀបាញ់ ដែលទើបប្រកាស បើកសម្ពោធកាលពីល្ងាចថ្ងៃទី២៨ ធ្នូ ២០១៩ នោះ។ អាជីវកម្មនេះ នាង និង គូដណ្ដឹង ប្រើថវិកាអស់ប្រមាណ៨ម៉ឺនដុល្លារ ទើបនាងបញ្ជាក់ថា មិនទាន់សម្រេចចិត្តរៀបការ ដោយសារតែចំណូល ដែលប្រឹងរកបាន ចាយលើអាជីវកម្មនេះ ដែលតម្រូវអោយនាង និងគូស្នេហ៍ត្រូវប្រឹងរកជាថ្មី។
អេដា បន្តថា នេះជាប្រភេទអាហារវ៉ិចខ្ចប់ស្រដៀងនឹងភីហ្សា និង បឺហ្គរដែរ ហើយដោយសារតែគូដណ្ដឹង នាងជាមេចុងភៅផ្ទាល់ ទើបផលិតអោយចេញជារសជាតិបែបអាស៊ី ដោយមានទាំងស្នូលបន្លែ និង សាច់ច្រើនប្រភេទ ដើម្បីអោយមានរសជាតិច្រើន។ នាងគ្រោងពង្រីកទីតាំង និង លក់ម៉ាកយីហោ អោយមានច្រើនសាខា បន្ទាប់ពីបើកដំណើរការជាង១ឆ្នាំ ហើយទទួលជោគជ័យ។ នាងក៏ប្រកាសថា នឹងដឹកដៃគូដណ្ដឹងយ៉ាងហោចចុងឆ្នាំ២០២០ គឺរហូតដល់នាង និង គូដណ្ដឹងសន្សំលុយបានគ្រប់គ្រាន់ ក្រោយពីយកដើមទុនទៅបើកអាជីវកម្មមួយនេះ ឡើងអស់ពីខ្លួននោះផងដែរ៕
មតិយោបល់