ព័ត៌មានជាតិ

Update៖ រថយន្ត ISUZU បិតពាក្យស្លោក «លះបង់ការសិក្សា មកស្រវាទ្បានបែន» បុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួស ៣នាក់ ក្នុងមានគ្រូបង្រៀន និងសិស្សសាលា

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្លូវចូលរោងចក្រផលិតទឹកស្អាត លើផ្លូវជាតិលេខ១ ភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0165 បើកបរដោយឈ្មោះ ខែម សុឃុន ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅផ្ទះភូមិព្រះសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ១។ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក HONDA C.១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1D-9576 បើកបរដោយឈ្មោះ សុខ ភក័្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ធ្វើដំណើរបញ្ច្រាសទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ១ (រងរបួសធ្ងន់) និងអ្នករួមដំណើរពីរនាក់ ទី១ឈ្មោះ ស្រេង រីណា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះភូមិឃុំជាមួយគ្នា (របួសស្រាល) និងទី២ឈ្មោះ សុខ សាខន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ។

សម្ភារ:ខូចខាត៖
-ម៉ូតូ១គ្រឿង
-រថយន្ត១គ្រឿង។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ មូលហេតុ៖ អ្នកបើករថយន្ត បត់ឆ្វេងឆ្លងផ្លូវ មិនគោរពសិទ្ធយានផ្លូវត្រង់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៏ ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់