សៀមរាបៈ យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសាររដូវវស្សាឆ្នាំនេះ មានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីងទឹក។ ដើម្បីបង្កើនសម្រស់ និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងអង្គរ ចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះ នឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះ ចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះ រដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំ បានធ្វើឱ្យទឹកក្នុងស្រះនេះ ឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ ក្នុងបរិវេណប្រាសាទអង្គរវត្ត ឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះ មិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។
គួរបញ្ជាក់ថា ការងារបូមទឹកនេះ គឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុល និងស្ដារឡើងវិញ៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក



មតិយោបល់