ព័ត៌មានជាតិ

អត់លុយទិញសារធាតុញៀន ជិះម៉ូតូឆក់ទូរស័ព្ទ ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង ៣៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១០២៩ មានករណីជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរោងចក្រ តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ នេន សុខជា អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ ឃឹម រដ្ឋា អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគ្រួស សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រើឈ្មោះ ហឿន ហ៊ន់ អាយុ ២១ ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅភូមិភូមិពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង របស់នារីរងគ្រោះ
-ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ជារបស់ជនសង្ស័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1N-0702 ចេញពីផ្ទះជួលទៅធ្វើការនៅរោងចក្រ ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើ ស្រាបតែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-4458 តាមពីក្រោយហើយជិះមកជិតជនរងគ្រោះ ភ្លាមនោះឈ្មោះ នេន សុខជា អង្គុយនៅខាងក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃដែលនារីរងគ្រោះដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខ បន្ទាប់ពីធ្វើសកម្មភាពហើយបម្រុងរត់គេច ជនរងគ្រោះបានដេញតាមពីក្រោយ ហើតថែមទាំងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ជួយដេញតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ តែម្ដង។

ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះប្រាកដមែន ព្រោះត្រូវការលុយទិញសារធាតុញៀនសេព។ បន្ទាប់មកសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់