ព័ត៌មានជាតិ

ហ៊ានណាស់ក្មេងៗសោះ! ប្រើសារធាតុញៀនលួចទូរស័ព្ទព្រះសង្ឃបានហើយ កុហកឪពុកខ្លួនថារើសបានចុងក្រោយ…

កណ្ដាល: កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីលួច ត្រង់ចំណុចក្នុងវត្តកែវម៉ូលី ភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆេង បូរ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិ ខ្មែរ ជាព្រះសង្ឃ គង់ក្នុងវត្តកែងម៉ូលី ភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ០៣ នាក់៖
១-ឈ្មោះ ឌន សុភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រោងម៉ាស៊ីន មានទីលំនៅភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀននៅក្នុងទឹកនោម) ។
២-ឈ្មោះ ចេ ដេវីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀននៅក្នុងទឹកនោម) ។
៣-ឈ្មោះ ជា រស្មី ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មិនមានសារធាតុញៀនក្នុងទឹកនោម)។

វត្ថុតាងចាប់យក៖
-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក oppo ពណ៌ខៀវ ០១គ្រឿង និង ពណ៌ ទឹកប្រាក់ ០១ គ្រឿង ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឌន សុភ័ក្រ បានជិះកង់ចេញពីផ្ទះរបស់ខ្លួន ចូលទៅក្នុងវត្តកែវម៉ូលី ជួនជាជួបនឹងឈ្មោះ ចេ ដេវីត កំពុងអង្គុយលេងក្នុងវត្ត ក៏និយាយបបួលគ្នា ចូលទៅលួចយកទូរស័ព្ទ របស់ជនរងគ្រោះ ដោយឈ្មោះ ឌន សុភ័ក្រ បានចូលទៅលួច បន្ទាប់ពីធ្វើសកម្មភាពលួចបានទូរស័ព្ទ ០២គ្រឿងហើយ ជនសង្ស័យព្រមព្រៀងគ្នាយក ទូរស័ព្ទនោះចែកគ្នាម្នាក់ ០១គ្រឿង ឈ្មោះ ចេ ដេវីន យកទូរស័ព្ទដែលលួចបាន០១គ្រឿង ទៅឲ្យឪពុករបស់ខ្លួនឈ្មោះ ជា រស្មី ហើយឪពុកសួរថា៖ ទូរស័ព្ទនេះបានមកពីណា? ពេលនោះជន
សង្ស័យប្រាប់ឪពុកថា៖ រើសបាននៅវត្តប្រាសាទ បន្ទាប់មកឪពុកយកទូរស័ព្ទនោះដើរលក់ ស្របពេលនោះមានគេស្គាល់ ទូរស័ព្ទនេះជារបស់ជនរង
គ្រោះខាងលើ ក៏បានទៅប្រាប់ម្តាយជនរងគ្រោះមានឈ្មោះ ឆុំ ពៅ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល រួចហើបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជ្រៃលាស់ ក្រោយទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ
និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់