ព័ត៌មានជាតិ

ខ្វះតែប៉ុន្មាននាទីទៀត ឆ្លងឆ្នាំសកល! មានគ្រោះអកុសលដ៏រន្ធត់ រថយន្តពីរគ្រឿងបុកគ្នា ស្លាប់មនុស្ស ៨នាក់ និងរបួសជាច្រើននាក់ នៅស្រុកគងពិសី

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១១ និង៤២នាទីយប់ថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់។

រថយន្តទី១ម៉ាក ទេសចរណ៍ប្រភេទសាំយ៉ុង ស្លាកលេខ ភ្នំពេញ 2AF-2506 អ្នកបើកបរស្លាប់ ធ្វើដំណើរពីជើងទៅត្បូង បានរេចង្កូតចូលគន្លងផ្លូវ ផ្នែកខាងឆ្វេងដៃ នៃរថយន្តទី២ដឹកស៊ីម៉ង់ត៍ ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-5849 ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរគេចខ្លួន។

ហេតុការណ៍នេះ បានបណ្តាលឲ្យរបួសធ្ងន់មនុស្ស០៩នាក់ ក្នុងនោះមានស្រីម្នាក់ របួសស្រាលម្នាក់ និងស្លាប់ ៨នាក់ (ស្រី៥នាក់ អ្នកពោះធំ២នាក់)។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើករថយន្ដសាំយ៉ុង ធ្វេសប្រហែស បានរេចង្កូតរថយន្តចូលទៅផ្នែកខាងឆ្វេងដៃ ទៅរកគន្លងផ្លូវនៃរថយន្ដដឹកស៊ីម៉ង់ត៍ កំពុងបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុកពេញទំហឹងតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសីមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងទៅរាជធានីភ្នំពេញ។

មកដល់ម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសារសព បានមកទទួលសពយកទៅធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕

មតិយោបល់