ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌពោធិ៍សែនជ័យដេកលែងលក់ហើយ សង្ឃឹមថា អធិការទ្បើងថ្មី អាចទប់ស្កាត់បទល្មើសបាន ប៉ុន្តែនៅតែមានករណីប្លន់ដដែល!!!

ភ្នំពេញៈ ម៉ូតូសេ១២៥ ស៊េរី២០២០ ១គ្រឿង ទើបតែទិញថ្មីឌុបជូនស្រីទៅផ្ទះ លុះវិលត្រឡប់មកវិញ ត្រូវបានក្រុមចោរធាក់ផ្តួលប្លន់យកទៅបាត់ កាលពីវេលាម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅម្ដុំស្តុបផ្លូវចោមចៅ កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូដែលចោរប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-8082 ម្ចាស់ឈ្មោះ មុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅក្បែរផ្សារ ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិតំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ រួមជាមួមិត្តភក្ដិ ឌុបជូនមិត្តស្រី២នាក់ទៀត សរុបគ្នា៤នាក់ ទៅផ្ទះជួលនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ លុះវិលត្រឡប់មកវិញ នៅតែគ្នា២នាក់ ជិះទៅផ្ទះនៅស្ទឹងមានជ័យ ដោយធ្វើដំណើរតាមផ្លូវវេងស្រេង ពីលិចទៅកើត ដល់ចំណុចភ្លើងស្តុប កែងផ្លូវទួលពង្រ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មកដល់ទន្ទឹមធ្វើសកម្មភាពធាក់ បណ្តាលឲ្យដួល រួចជនសង្ស័យ ប្រដាប់ដោយកាំបិតបុ័ងតោ គំរាមលើកយកម៉ូតូ ជិះគេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ រួមដំណើរជាមួយមិត្តភក្ដិ នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាចោរប្លន់ខាងលើ។

សូមបញ្ជាក់៖ ករណីខាងលើនេះ តាំងពីដូរអធិការទ្បើងថ្មីមក បទល្មើសក្នុងមូលដ្ឋាន នៅតែមិនថយ ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់ ដេកលែងលក់ហើយ តើឲ្យទុកចិត្តយ៉ាងម៉េចទៅ រហូតមកដល់ពេលនេះ បទល្មើសទ្បើង៤ករណីហើយ មិនទាន់ចាប់ជនសង្ស័យបាន មិនដឹងថា លោកអធិការទ្បើងថ្មី មានសមត្ថភាពប៉ុន្មានទេ ពលរដ្ឋចង់ឃើញស្នាដៃ ថាអាចបំបែកសំណុំរឿងទាំងប៉ុន្មានបានឬទេ៕

មតិយោបល់