ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋមួយក្រុម ផ្អើលឆោឡោសារជាថ្មីទៀតហើយ បន្ទាប់ពីចាញ់បោកក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លា ជាលទ្ធផល ខាងក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ ទម្រាំដឹងថា ចាញ់បោក ក្រុមហ៊ុនមិនដឹងថារត់គេចដល់ណា ទើបនាំគ្នាផ្អើល រត់រកការស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ខណៈដែលមានវត្តមានក្រុមជនរងគ្រោះ មកដល់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ។
វត្តមានជនរងគ្រោះ តំណាងឲ្យពលរដ្ឋចាញ់បោកក្រុមហ៊ុនខាងលើចំនួន ៣០នាក់ បានសម្តែងការព្រួយបារម្មណ៍ ខណៈដែលម្នាក់ៗ អស់លុយរាប់ពាន់ដុល្លារហើយ មិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត ។
ជួបសម្ភាសន៍ជាមួយ បុរសម្នាក់ ឈ្មោះ ជួប ជួន អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា ហើយកាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយ នៅក្រុមហ៊ុនJLY ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ៗអស់៣ពាន់ដុល្លារ ខាងក្រុមហ៊ុន ចេញឯកសារវិក័យប័ត្រ ត្រឹមត្រូវ ហើយឲ្យរង់ចាំថ្ងៃចាកចេញទៅប្រទេសកូរ៉េ ក៏ប៉ុន្តែការរទន្ទឹងរង់ចាំ អូសបន្លាយពីមួយខែទៅមួយខែ អស់រយៈពេលច្រើនខែទៅហើយ រហូតមកដល់ខែថ្មី ឆ្នាំថ្មី ២០២០ ទំនាក់ទំនងទៅខាងក្រុមហ៊ុនមិនបាន ទើបនាំគ្នាផ្អើលឆោឡោ រត់ទៅរកសមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ ។
បើតាមអ្វីដែលដឹង ក្រុមហ៊ុនJLYខាងលើ ប្រជាពលរដ្ឋរងគ្រោះ ផ្អើលតវ៉ា២លើកមកហើយ ទាំងលើកនេះ ជាលើកទី៣ហើយ ក្រោយពីក្រុមហ៊ុនឆបោក វេចលុយរត់ ទុកឲ្យប្រជាពលរដ្ឋចាញ់បោក ម្នាក់ៗលក់ដីស្រែចំការ ចងការគេ អស់រាប់ពាន់ដុល្លារ៕










មតិយោបល់