ព័ត៌មានជាតិ

រន្ធត់ខ្លាំងណាស់! មួយគ្រួសារ ស្លាប់អស់សល់តែម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍! ករណីមន្ត្រីយោធា ជិះម៉ូតូបុកគោយន្តកន្ត្រៃ

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិសេរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជិះបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ និងរបួសម្នាក់។

អ្នកបើកបរគោយន្តឈ្មោះ ផែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ជន ចាន់ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពពេលសែនជ័យ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មុខរបរមន្ត្រីយោធា នៅអង្គភាពកង ពលតូចលេខ៤១ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ-ស គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច លើផ្លូវជាតិលេខ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ដឹកប្រពន្ធ និងកូន មកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង។

ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកម៉ូតូ គ្មានមួកសុវត្ថិភាព បានស្លាប់ និងអ្នករួមដំណើរទី១ឈ្មោះ ធឺ ឡានី ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធ និងទី២ឈ្មោះ ជឿន ឡេង ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន អ្នកទាំងពីរបានស្លាប់ នៅពេលបញ្ជូនមកដល់មន្ទីរ ពេទ្យបង្អែកស្រុកអន្លង់វែង។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ជឿន យូសឿន ភេទស្រី អាយុ៣ ឆ្នាំ របួសស្រាល (ជាកូន)។

មូលហេតុ៖ អ្នកបើកម៉ូតូ ប្រើប្រាស់ល្បឿនហួសកំណត់ ជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ហើយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង យកវត្ថុតាងទាំងសងខាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់