ព័ត៌មានជាតិ

លទ្ធផលមិនពាក់មួកសុវត្ថិភាព! បុរសម្នាក់នឹកកូនពេកខំចេញពីកន្លែងធ្វើការ ទៅលេងកូនឯស្រុកកំណើត ប៉ុន្តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើកម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវ។

ជនរងគ្រោះឈ្មោះ បឿន ភារៈ អាយុជាង ២០ឆ្នាំ មានមុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅក្រោយវត្តនួនមុន្នី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតឃុំកណ្ដៀង ស្រុកពាមរ ខេត្តព្រៃវែង បើកបរម៉ូតូម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9808។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ បានគេចរថយន្តមួយគ្រឿង ជ្រុលចង្កូតមកឆ្វេងដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវ នៅចំកណ្តាលទ្រូងផ្លូវបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ។

មូលហេតុ៖ ជនរងគ្រោះនឹកកូនពេក ទើបបើកម៉ូតូចេញពីកន្លែងស្នាក់នៅ ធ្វើដំណើរទៅលេងកូនឯស្រុកកំណើត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុរួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់