ព័ត៌មានជាតិ

ស្ត្រីម្នាក់ ឈឺពោះឆ្លងទន្លេ នៅពេទ្យឯកជនឈ្មោះ យឹម ផល្លា បានស្លាប់បាត់បង់ជីវិតទាំងម្ដាយ និងកូន

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើល បន្ទាប់ពីស្ត្រីម្នាក់ ចូលទៅសម្រាលកូន នៅមន្ទីរពេទ្យឯកជនមួយឈ្មោះ យឹម ផល្លា ខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង បានស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ទុយ ចរិយា អាយុ៣១ ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ មានប្ដីលោក សេង គឹមហេង និងកូនស្រីបងឈ្មោះ ហេង គឹមហួរ អាយុ ៤ ឆ្នាំ អ្នកទាំងបី រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមប្រភពពីប្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានធ្លាក់ឈាម ខណៈដែលគាត់គ្រប់ខែឆ្លងទន្លេ ពេលនោះ គាត់ក៏បានជូនប្រពន្ធ ទៅពិនិត្យផ្ទៃពោះ នៅបន្ទប់ថែទាំជំងឺឯកជនខាងលើ ដោយអ្នកគ្រូពេទ្យ បានប្រាប់ថា ប្រពន្ធគាត់មិនអីទេ អាចសម្រាលកូននៅទីនេះបាន បង់ថ្លៃសេវាអស់តែ ១លានរៀលប៉ុណ្ណោះ។

ក្រោយសម្រាលរួច ទារកដែលកើតមក ដូចមិនស្រួល រីឯស្ត្រីជាម្តាយ មានអាការៈខ្សោយទៅៗ ទើបក្រុមគ្រួសារ បានជំរុញឲ្យគ្រូពេទ្យ បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែជាអកុសល ពេលបញ្ជូនស្រ្តីជាម្ដាយ និងទារក ទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលអស់ទៅហើយ។

យ៉ាងណាមិញ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទំនាក់ទំនងទៅខាងមន្ទីរពេទ្យឯកជនខាងលើទេ ថាតើពិតដូចសាច់ញាតិជនរងគ្រោះ លើកទ្បើងឬយ៉ាងណា ដោយភ្នាក់ងារយើង នឹងរង់ចាំការស្រាយបំភ្លឺផងដែរ៕

មតិយោបល់