ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមុតមាំថា ”ល្បែងស៊ីសងដែលជ្រោកក្រោមស្លាកហ្គេមកម្សាន្តត្រូវ បង្ក្រាបឲ្យអស់ និងអ្នកនៅពីក្រោយបទល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយគឺត្រូវតែចាប់ខ្លួនភ្លាមៗ”។
លោកស្នងការបានបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញ រក្សាកំណើនភ្ញៀវ អ្នកវិនិយោគជាតិ និងអន្តរជាតិចូលមកក្នុងខេត្តព្រះសីហនុ លោកស្នងការ បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចជំនាញ ក្រោមឱវាទទាំងអស់ ត្រូវធ្វើអ្វីតាម ឋានានុក្រម គោរពច្បាប់ជាគោល ពង្រឹងនីតិវិធីច្បាប់ មានសីលធម៌ល្អទន់ភ្លន់តែម៉ឹងម៉ាត់ និងជាពិសេសលោកក៏បានផ្តាំផ្ញើរឲ្យកងកម្លាំងទាំងអស់ ដាច់ខាតកុំនៅពីក្រោយ ជនល្មើស រឺបទល្មើសណាមួយឲ្យសោះ ជាដាច់ខាតត្រូវតែចាប់ខ្លួន។
លោកបានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលអធិការដ្ឋានទាំងអស់ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង ទទួលបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាណាមួយត្រូវការដំណោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់ដោះស្រាយ និងបង្រ្កាបទាន់ពេលវេលា។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍ខណៈពេលលោកស្នងការធ្វើអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និងសម្រួលភារៈកិច្ច ប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានសម្រួលភារៈកិច្ច និងប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដូចមានឈ្មោះខាងក្រោម៖
១.លោកវរសេនីយ៍ឯក ភុល ភស្តា អត្តលេខ១៥០១៣ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជានាយរងការិយាល័យផ្សព្វផ្សាយអប់រំ។
២.លោកវរសេនីយ៍ទោ តី វិសាល អត្តលេខ២៦០៣៦ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
៣.លោកវរសេនីយ៍ទោ ហេង គីមអាន អត្តលេខ៦២៤០២ ពីនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ជាអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។
៤.លោកវរសេនីយ៍ទោ ជួន សុខា អត្តលេខ៥៤១៣៣ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជានាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន៕
មតិយោបល់