ព័ត៌មានជាតិ

អត់ដឹងអីសោះ ចូលទៅកាប់ស្ត្រីជរាម្នាក់ដល់ក្នុងផ្ទះជាច្រើនកាំបិត ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពកាប់ប្រហារជាច្រើនកំបិតទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះ មានឈ្មោះ សាំង ហួយ ភេទស្រី អាយុ៨៦ឆ្នាំ ជាមនុស្សជរា ស្នាក់នៅភូមិកើតហេតុខាងលើ រងរបួសមានស្នាមរបួសមុតត្រង់ក មុតត្រង់ដៃស្ដាំ មុតត្រង់កញ្ចឹងក សម្រាកនៅពេទ្យកាល់ម៉ែត្រ។ ចំណែកជនសង្ស័យជាជនដៃដល់មានឈ្មោះ ញឹម សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកើតហេតុខាងលើ។

មុនពេលកើតហេតុជនរងគ្រោះជាមនុស្សជរា កំពុងសម្រាន្តនៅក្នុងផ្ទះតែម្នាក់ឯងពេលនោះស្រាប់តែជនសង្ស័យខាងលើ បានចូលទៅកាប់ជនរងគ្រោះជាច្រើនកាំបិត រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុតែម្ដង។

តាមការបញ្ជាក់របស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ចូលមកក្នុងបរិវេណផ្ទះរបស់គាត់ ហើយបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ជាច្រើនលើក រួចគាត់បានឲ្យក្មួយទៅប្ដឹងប៉ូលិសប៉ុស្ដិ៍ បន្ទាប់មកដល់ពេលម៉ោងកើតហេតុក៏មានរឿងហេតុតែម្ដង។

ក្រោយកើតហេតុហើយនោះ ជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់