ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុម ជិះម៉ូតូប៉ះគ្នាទាស់ពាក្យសំដី ទាញកាំបិតបុ័ងតោកាប់ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ក្មេងទំនើង ២ក្រុមជិះម៉ូតូប៉ះគ្នាទាស់ពាក្យសំដីគ្នាដេញវាយ និងយកកាំបិតបុ័ងតោកាប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។
ហេតការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោលផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលទាំង៣នាក់នោះ៖
១-ឈ្មោះ ខុន ធូណា ភេទប្រុស អាយុ ១៩ឆ្នាំ មុរបរកម្មកររោងចក្រ រងរបួសក្បាលដេរជាច្រើនថ្នេរ និងរយះប្រអប់ដៃខាងស្តាំ។
២-ឈ្មោះ ថុង សុភ័ក្ក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង២នាក់ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោះ វី កម្សាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួស ២កាំបិតចំដៃខាងឆ្វេងធ្ងន់ធ្ងរ អ្នក៣នាក់កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនរស្មី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូម៉ាកហុងដាគ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AM-1104 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច ខណ:ជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងទំនើង ១ក្រុមមានគ្នាប្រមាណប្រហែល ៩នាក់ ជិះម៉ូតូហុងដាឌ្រីម ៣គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណ:មកដល់ជិតគ្នាម៉ូតូជនរងគ្រោះបានរេចង្កូតទៅឆាបម៉ូតូខាងពួកគេ ដែលកំពុងជិះហើយក៏បានការទាស់ពាក្យសំដីគ្នា បានជិះម៉ូតូដេញតាមវាយយកកាំបិតបុ័ងតោកាប់ទៅលើក្រុមជនរងគ្រោះ ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

ក្រោយពីធ្វើសកម្មភាពកាប់រួចពួកគេ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ បន្ទាប់មកសត្ថកិច្ចចុះទៅកន្លែងកើតហេតុ ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំង ៣នាក់ទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជនរស្មី ហើយទទួលពាក្យបណ្តឹងជនរងគ្រោះ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យតាមចាប់ខ្លួនមកចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់