ព័ត៌មានជាតិ

ករណីឃាតកម្មជនល្មើសកាប់ជនរងគ្រោះ មួយកាំបិតចំកធ្លាក់ពីលើម៉ូតូស្លាប់មួយរំពេច នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥៥នាទីយប់ ស្ថិតក្នុងភូមិក្រាំងស្នួល ឃុំញ្នយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មបង្កឡើងដោយជនល្មើស ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់មួយរំពេច។ លុះរហូតមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១/ឈ្មោះ ឆុន ថៃ ហៅប៉ាន ហៅតុ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំញ្នយ។
២/ឈ្មោះ គឹម សត្យា ហៅជេ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកទាំង ២ប្រើសារធាតុញៀន។

វត្ថុតាងដកហូត៖
កាំបិតផ្គាក់ដងឈើ១
ម៉ូតូ ១គ្រឿង

មូលហេតុ៖ ខឹងជនរងគ្រោះឌឺដងពេលជិះម៉ូតូតាមផ្លូវ។

ជនរងគ្រោះឈ្មោះ កិ ឆេម ហៅឆាង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ផាន ខាវ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានឲ្យដឹថា មុនពេលកើតហេតុរូបគេបានមកធ្វើរោងការនៅក្នុងភូមិសំបុរឈើ ឃុំស្គុះ ក៏ខលហៅជនរងគ្រោះឲ្យមកឌុបខ្លួនត្រឡប់ទៅផ្ទះ ដោយជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ឡើងស៊េរី២០១៩ ពណ៌ខ្មៅ ប៉ុន្តែរូបគេជាអ្នកឌុប លុះមកដល់ចំណុចកើតហេតុ ក៏មានជនល្មើស ២នាក់ ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងដៃមកទន្ទឹម ស្រាប់តែអ្នកអង្គុយនៅខាងក្រោយ ទាញកាំបិតផ្គាក់កាប់ជនរងគ្រោះ ១កាំបិតត្រូវចំកធ្លាក់ពីលើម៉ូតូស្លាប់តែម្ដង៕

មតិយោបល់