ភ្នំពេញៈ បុរសម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្ត១គ្រឿង បុកពីក្រោយប៉ើងជិតម្ភៃម៉ែត្រ ខណៈរថយន្តបង្ក បើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវិថីឈ្នះ ឈ្នះ ត្រង់ចំណុចមុខវត្តក្រពុំឈូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនសុខ។
សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្ត១គ្រឿង មិនចាំម៉ាក ធ្វើដំណើរពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1L -0943 ធ្វើដំណើរស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យប៉ើងជិតម្ភៃម៉ែត្រ និងបុរសជាម្ចាស់ម៉ូតូបែកក្បាលស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាម។
ភ្លាមៗនោះ រថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ គេចចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះមកវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ ប្រគល់ជូនវិញ។ ចំណែកសពរងគ្រោះ សមត្ថកិច្ចឲ្យរថយន្តសាម៉ុយ ដឹកយកទៅតម្លក់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់