ភ្នំពេញៈ គ្រោះអគ្គិភ័យដ៏រន្ធត់មួយ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចសំណង់ មិនទាន់រាបរយ តាមបណ្តោយផ្លូវរថភ្លើងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលប្រជាពលរដ្ឋ កំពុងតែដេកលក់នៅខាងក្នុងផ្ទះរៀងៗខ្លួន គេបានធំក្លិនឈ្ងៀម ចេញមកពីសំណង់មិនរាបរយខាងលើ។
មួយស្ទុះក្រោយមក ស្រាប់តែមានលេចចេញជាអណ្ដាតភ្លើង លាយឡំជាមួយនិងផ្សែងហុយខ្មួលខ្មាញ់ ចេញមកពីផ្ទះដែលនៅចំចំណុចកណ្តាល នៃបរិវេណសំណង់សំណង់មិនទាន់រាបរយខាងលើ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុ នាំគ្នាប្រញាប់ប្រញាល់ ជញ្ជូនសម្ភារៈ និងរបស់របរមានតម្លៃ ចេញពីក្នុងផ្ទះ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយចុះមកអន្តរាគមន៍។
អំទ្បុងពេលនោះ ភ្លើងបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ ដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះមកអន្តរាគមន៍បាញ់ពន្លត់ អស់រយៈពេលប្រមាណជាង២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន គឺរលត់ទាំងស្រុងនៅម៉ោង ៤និង១៥នាទីថ្ងៃដដែល។
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤១គ្រឿង៖
– រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង
-រថយន្តអគ្គិភ័យរបស់ទីក្រុងកោះពេជ្រ១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ៤គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា៣គ្រឿង
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃ៤ គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វារចំនួន៧គ្រឿង។
ដោយសារតែស្ថានភាព នៅកន្លែងក;តហេតុ មានភាពស្មុគស្មាញ និងផ្លូវមានសភាពតូចចង្អៀត ព្រោះតែបងប្អូនប្រជាពលរដ្ឋមួយចំនួន បានសង់ផ្ទះនៅលើផ្លូវ ដែលជាអតីតផ្លូវរថយន្ត ទើបបង្កឲ្យឲ្យមានផលវិបាក ដល់រថយន្តពន្លត់អគ្គិភ័យ បើកចូលទៅបាញ់ទឹកពន្លត់ឲ្យ បានទាន់ពេលវេលា។
សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋប្រភេទឈើ ប្រក់ស័ង្កសីគ័ចំនួន១៥ខ្នង មាន១៦០បន្ទប់ ត្រូវបានភ្លើងឆាបឆេះខូចខាតអស់ទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
មូលហេតុ៖ មិនទាន់ដឹងថា បណ្តាលមកពីអ្វីនោះទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្តទៀត៕
មតិយោបល់