ព័ត៌មានជាតិ

មន្រ្តីអប់រំសាទរលទ្ធផលការងារក្រុមអង្គការសង្គមស៊ីវិលជួយកុមារបាត់បង់ឱកាសសសិក្សា

ភ្នំពេញ: ក្នុងក្របខ័ណ្ឌនៃគម្រោងដៃគូរួមគ្នា ដើម្បីផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាស ទទួលបានការអប់រំនៅកម្ពុវា (CCOSC) ជាគម្រោងអនុវត្តដោយបណ្តុំ អង្គការសង្គមស៊ីវិលចំនួន២១មានកិច្ចគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា

និងតាមរយ:កិច្ចប្រជុំប្រចាំឆមាស លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានសម្តែងការសាទរចំពោះដំណើរការអនុវត្តន៍គម្រោង បានផ្តល់ឱកាសដល់កុមារជាង៨០០០នាក់បន្ថែមទៀត បានចូលរៀន ក្នុងរយ:ពេល៦ខែឆ្នាំ២០១៦នេះ បន្ថែមពីលើចំនួនប្រមាណជា៣២.០០០នាក់ ដែលបាននិងកំពុងបន្តការសិក្សាតាំងពីគម្រោងបានចាប់ផ្តើមនៅឆ្នាំ២០១៤មក។

ក្នុងឱកាសនៃការទទួលជួបពិភាក្សាជាមួយតំណាងក្រុមការងារគម្រោង នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ លោក វន សំភាស់ ប្រធានអង្គការអែដ អេ អាក់ស្យុងបានជម្រាបជូនដោយសង្ខេបអំពីដំណើរការធ្វើសកម្មភាពរបស់ភ្នាក់ងារអនុវត្តគម្រោង ទៅតាមផ្នែកនីមួយៗ ដោយយកចិត្តទុកដាក់ប្រឹងប្រែអនុវត្តគម្រោងរួមចំណែកជាមួយក្រសួងរហូតឈានទៅទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរដូចពេលនេះ ។

បើតាមលោក សំ សុវណ្ណារិទ្ធ តំណាងអង្គការដំណក់ទឹកបានឲ្យដឹងថា កុមារអនាថាចំនួនប្រមាណ៨០០នាក់បានទទួលការគាំទ្រពីគម្រោង តាមរយ:អង្គការដំណក់ទឹក។ ជាមួយគ្នានេះកុមារពិការប្រមាណ៤០០នាក់បានទទួលការគាំទ្រតាមរយ:អង្គការ អែដ អេ អាក់ស្យុង។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំមានប្រសាសន៍ថា ក្នុងចំណោមកុមារទាំង៨០០០នាក់ មានកុមារក្រីក្រចំនួនប្រមាណ៦០០០នាក់ ដែលបានទទួលការគាំទ្រពីគម្រោង តាមរយ:អង្គការសង្រ្គោះកុមារ និងអង្គការភ្លែនអន្តរជាតិ ក្នុងនោះកុមារជនជាតិភាគតិចជាង១០០០នាក់ បានទទួលការគាំទ្រ តាមរយ:អង្គការនេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងនឹងបង្កើតវិទ្យាស្ថានមួយសម្រាប់កុមារដែលថ្លង់ និងពិការភ្នែក តែទោះជាយ៉ាងណាក៏ដោយ លោកចង់ឲ្យមានការយកចិត្តទុកដាក់ដល់កុមារពិការគ្រប់ផ្នែកតែម្តង «បច្ចុប្បន្ន យើងផ្តោតច្រើនតែទៅលើកុមារពិការពីរប្រភេទខាងលើ តែមិនបានផ្តោតទៅលើកុមារពិការសតិបញ្ញាផងទេ។ ខ្ញុំចង់ឲ្យអេ អ៊ី អេ សហការជាមួយសាលាគរុកោសល្យភូមិភាគកំពង់ចាម ដោយបញ្ចូលការអប់រំគ្រប់ទម្រង់នៃពិការភាពតែម្តង»

លោករដ្ឋមន្រ្តីបានណែនាំមន្រ្តីក្រសួង បន្តសហការជាមួយក្រុមការងារធ្វើការសិក្សាបន្ថែម ទាំងអំពីស្ថានភាពកុមារក្រីក្រ ការប្រើប្រាស់សៀវភៅបង្រៀនថាតើត្រូវយកមួយណា ឬបញ្ចូលគ្នាទៅជាសៀវភៅមួយ និងបញ្ហាបញ្ចូលគ្រូបង្រៀនជនជាតិភាគតិចទៅក្នុងក្របខណ្ឌគ្រូ។ល។

សូមបញ្ជាក់ថា គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលផ្តល់មូលនិធិដោយកម្មវិធីអប់រំកុមារនៃប្រទេសកាតារ (Educate A Child) តាមរយ:អង្គការអែដ អេ អាក់ស្យុង នៅកម្ពុជា មានគោលដៅផ្តល់ឱកាសដល់កុមារចំនួនសរុប៥៧០០០នាក់ ឲ្យបានចូលរៀន ហើយកុមារទាំងនោះត្រូវបានបែងចែកជា៥ប្រភេទគឺ កុមារក្រីក្រ កុមារពិការ កុមារជនជាតិភាគតិច កុមារអនាថា និងកុមារលើសអាយុ។ ក្នុងចំណោមកុមារទាំង៨០០០នាក់ មានកុមារក្រីក្រចំនួនប្រមាណ៦០០០នាក់ ដែលបានទទួលការគាំទ្រពីគម្រោង តាមរយ:អង្គការសង្រ្គោះកុមារ និងអង្គការភ្លែនអន្តរជាតិ៕

photo_2016-07-28_14-09-30

photo_2016-07-28_14-09-31

មតិយោបល់