កំពង់ឆ្នាំងៈ ជនល្មើសជំនាញលួចគាស់ទ្វាររថយន្ត យកសម្ភារៈដ៏សកម្មអស់លក្ខណ៍ ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈជនល្មើសធ្វើសកម្មភាពរួច ហើយគេចខ្លួនទៅខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសដែលត្រូវចាប់ខ្លួនមានឈ្មោះ ម៉ៅ ភីរម្យ អាយុ៣៤ឆ្នាំមានប្រពន្ធឈ្មោះ ម៉ាន យ៉ាន អាយុ២៤ ឆ្នាំមានកូន៦នាក់ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងមានមុខរបរមិនពិតប្រាកដ ហើយក៏ជាមុខសញ្ញាធ្វើសកម្មភាពនៅគ្រប់ទីកន្លែង តាមបណ្តាលខេត្តក្រុង។
សមត្ថកិច្ចបានបន្ដថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ដ្រីរងគ្រោះ ដែលនៅក្នុងអាយផេត និងទូរស័ព្ទរបស់គាត់ មានភ្ជាប់ដោយប្រព័ន្ធ GPS ហើយគាត់បានរាយការណ៍មកសមត្ថកិច្ចជួយតាមដេញស្ទាក់រហូតដល់ខេត្តតាកែវ ទើបសមត្ថកិច្ចសុំការសហការពីសមត្ថកិច្ចខេត្តតាកែវធ្វើការឃាត់ខ្លួនបានជនល្មើសនាំយកមកកាន់ស្នងការធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានសារភាពថា ខ្លួនពិតជាបានលួចគាស់ទ្វារថយន្តយកការបូបពីរថយន្តស្ត្រីរងគ្រោះពិតប្រាកដមែន។ នៅក្នុងការបង្ក្រាបករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូមួយគ្រឿង លុយដុល្លា១១២០ដុល្លារ លុយអូស្ត្រាលី៥០ដុល្លារ លុយខ្មែរ២៧០០០០០រៀល អាយផេតមួយ ទូរស័ព្ទសាំសុងមួយគ្រឿង និងកងដៃ លោហៈ៧កង ប្រដាប់សាកថ្ម និងអត្តសញ្ញាណប័ណ្ណ។ វត្ថុតាងត្រូវបានប្រគល់ឲ្យស្ត្រីរងគ្រោះម្ចាស់ដើមវិញផងដែរ។
បច្ចុប្បន្ន ជនល្មើសត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់