ព័ត៌មានជាតិ

មន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀន បែរជាប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួននគរបាល នៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក៥) ពាក់ស័ក្តិ៤កន្លះម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ភិន រតនៈ ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និង ប្លន់ប្រាក់ប្រជាពលរដ្ឋ។

សូមជម្រាបដំណើររឿង៖ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត បា​នបើករថយន្តម៉ាក អាល់ហ្វាត ព្រមទាំងបក្ខពួក ២នាក់ (ស្រីម្នាក់) ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនោះ ជនសង្ស័យ បានដកអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើ ១គ្រាប់ រួចបញ្ជាឲ្យកូនចៅយកលុយពីជនរងគ្រោះចំនួន ៣,២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ០១គ្រឿង៕

មតិយោបល់