ភ្នំពេញៈ បុរសជាមន្ត្រីនគរបាលម្នាក់ បានស្លាប់ភ្លាមៗមួយរំពេច ខណៈបុរស២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ២ គ្រឿងផ្សេងគ្នា ឈប់ស្តុប ត្រូវរថយន្តមិនចាំម៉ាក១គ្រឿង បើកបុករះពេញទំហឹង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបថ្នល់បត់ តាមបណ្ដោយផ្លូវ ២១៧ កែងផ្លូវព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ចន រតនា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល មានឋានន្តរសក្តិ អនុសេនីយ៍ឯក ស្នាក់នៅផ្ទះលេខ១៣៤អឺ៤ហ្សិត ផ្លូវ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បំណងជិះម៉ូតូមកយកកូន នៅកន្លែងធ្វើការ មិនទាន់ទៅដល់ផង ស្រាប់តែជួបគ្រោះអកុសលបែបនេះ។ ចំណែកបុរសពីរនាក់ទៀត របួសធ្ងន់ មិនស្គាល់អត្តសញ្ញាណទេ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវអាវហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8171 និងបុរសពីរនាក់ទៀត ជិះម៉ូតូ១គ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-6686 អ្នកទាំងបី ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវព្រៃសរ លុះមកដល់ចំណុចកើតហេតុ បានឈប់ស្តុប ខណៈនោះ ស្រាប់តែមានរថយន្ត១គ្រឿង មិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករះម៉ូតូទាំងពីរគ្រឿង កំពុងឈប់ទន្ទឹមគ្នាពេញទំហឹង បណ្ដាលឲ្យបុរស ជិះម៉ូតូវ៉េវស្លាប់ភ្លាមៗ ចំណែកបុរសពីរនាក់ទៀត ជិះម៉ូតូម៉ាកស្មាក់វី បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យ។
ដោយទ្បែករថយន្តបង្កភ្លាមៗ មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកស្លាកលេខ ដែលជ្រុះ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងទៅជំនាញ ចុះធ្វើការវាស់វែង យកម៉ូតូ និងស្លាកលេខរថយន្ត ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ចាត់ការតាមនីតិវិធីច្បាប់។ រីឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕
មតិយោបល់