ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ ករណីលួចប្រាក់

បន្ទាយមានជ័យ: ដោយបានទទួលបណ្ដឹងតាមទូរស័ព្ទពីជនរង្គ្រោះឈ្មោះ គង់ ឈឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ថា មានបទល្មើសចូលលួចប្រាក់ក្នុងថង់នៅលើតុ ខណ:ពេលដែលគាត់កំពុងលក់ដូរក្នុងផ្សារអគ្គ ទើបកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗ។

ជនសង្ស័យឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង ១និង០០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំឯកសារបញ្ជូនបន្តមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តធម៌បានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបទល្មើព្រហ្មទណ្ឌបានសាកសួរចម្លើយរកឃើញថា ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើសលួចប្រាក់ចំនួន ៥០០បាត (ប្រាក់ថៃ) ពិតប្រាកដមែន។

ដោយផ្អែកលើមានពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាបញ្ជាក់ថា ជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសលួចប្រាកដមែន បច្ចុប្បន្នត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

មតិយោបល់