ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោកអភិបាលខណ្ឌមានជ័យ និងលោកស្រីអភិបាលខណ្ឌដង្កោ ជួយដោះស្រាយរឿងស្ទះរាប់ម៉ោង នៅផ្លូវ​ ៣៧១ រាល់ថ្ងៃហ្មង

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ពលរដ្ឋបានសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលមានព្រំប្រទល់ជាប់គ្នាតាមផ្លូវ៣៧១ ឃើញថា ស្ទះចរាចរណ៍សឹងតែរាល់ថ្ងៃហើយ ទម្រាំបានចេញរួច ត្រូវចំណាយពេលរាប់ម៉ោង ចាប់ពីចំណុចផ្សារប៉េសេ រហូតដល់ស្ពានដែកចម្ការដូង ពួកគាត់ចង់ឲ្យមានមន្ត្រីប៉ូលិស អាវុធហត្ថ ប្រជាការពារ ចុះមកសម្រួលចរាចរណ៍ជាប្រចាំផង ខណៈពេលខ្លះ ឃើញមានមក ប៉ុន្តែបើមក មានតែគ្នាពីរទៅបីនាក់ ជួលកាល គឺគ្មានតែម្ដង មានតែប្រជាពលរដ្ឋ ឈរសម្រួលដោយខ្លួនឯងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ រថយន្តប្រភេទធុនធំ ដែលចូលខុសម៉ោងកំណត់ របស់សាលារាជធានីភ្នំពេញក៏ច្រើនដែរ ថែមទាំងមានរោងបុណ្យ និងរោងការរំលោភលើផ្លូវសារធាណទៀត ហាក់បីដូចជា គ្មានចំណាត់ការទាល់តែសោះ តែបើធ្វើ គឺបានតែមួយភ្លែតប៉ុណ្ណោះ ហើយក៏ស្ងាត់ឈឹង ធ្វើឲ្យពលរដ្ឋរិះគន់ទៅលើអាជ្ញាធរ អសមត្ថភាព ក្នុងការដឹកនាំ ចំពោះមូលដ្ឋានដែលខ្លួនគ្រប់គ្រង គួរតែមានសកម្មភាពឲ្យបានខ្លាំងក្លា ដើម្បីពលរដ្ឋគ្រាំទ្រជាងនេះ។

បញ្ហាខាងលើនេះ វាជារឿងដដែលៗរាប់ឆ្នាំមកហើយ ដោះស្រាយមិនចេញសោះ ដូចជាវាចចកក្នុងបឹងចឹង ហើយពេលខ្លះទៀត មានរឿងក្នុងមូលដ្ឋានម្ដងៗ អាងឆ្លើយដាក់គ្នា ដើម្បីយករួចខ្លួន ថាជាដែនសមត្ថកិច្ចខាងនេះខាងនោះ។ យ៉ាងណាមិញ ពលរដ្ឋសង្ឃឹមថា ករណីខាងលើនេះ ក្នុងនាមជាគណបញ្ជាការ​ឯកភាពខណ្ឌទាំងពីរ នឹងធ្វើការដោះស្រាយបានឆាប់ៗ ជាពិសេសពលរដ្ឋ ក៏ចង់ឃើញស្នាដៃលោកស្រីអភិបាលខណ្ឌដង្កោ ទើបទ្បើងកាន់តំណែងថ្មីដែរ៕

មតិយោបល់