ភ្នំពេញៈ បុរសម្នាក់ បានដើរចូលមកផឹកស៊ី នៅក្នុងហាងហេបភីណេស ជាមួយមិត្តភក្ដិមួយក្រុមមានគ្នាប្រហែល ៤ទៅ៥នាក់ មិនដឹងថា មានទំនាស់អ្វីទេ រហូតដល់មានការដកកាំភ្លើងបាញ់គ្នា បណ្តាលឲ្យជនរងគ្រោះ អង្គុយស្លាប់ផ្កាប់មុខ ខណៈជនសង្ស័យ រត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦៣ ត្រង់ចំណុចក្នុងហាងផឹកស៊ីមួយ កន្លែងយីហោហេបភីណេស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ គេឃើញជនរងគ្រោះ ពាក់អាវដៃខ្លី ពណ៌ខ្មៅ ខោជើងខ្លី វ័យប្រហែលជា ២៦ទៅ២៧ឆ្នាំ បានជិះម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា មកឈប់មុខហាងហេបភីណេស ក៏ដើរចូលទៅខាងក្នុង។
មួយសន្ទុះក្រោយមក ក៏មានមិត្តភក្ដិរបស់ជនរងគ្រោះ មកជាបន្តបន្ទាប់ ដោយជិះរថយន្តម៉ាកម៉ូនីង និងម៉ូតូ ហើយមកអង្គុយជាមួយជនរងគ្រោះ មិនទាន់បានហៅម្ហូបផង ស្រាប់តែជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្ដិ បានទាស់ពាក្យសម្ដីគ្នា តែមិនដឹងថារឿងអីនោះទេ រហូតជនសង្ស័យដកកាំភ្លើងខ្លីម៉ាក K54 ពណ៌ខ្មៅបាញ់ជនរងគ្រោះ ចំស្នៀតផ្កា បណ្តាលឲ្យផ្កាប់មុខនៅនឹងតុ រួចជនសង្ស័យនិងបក្ខពួក បាននាំគ្នារត់គេចចេញអស់ បន្សល់ទុកតែជនរងគ្រោះ នៅសល់ដង្ហើមចង្រិត។
ភ្លាមៗនោះ ម្ចាស់ហាង បានព្យាយាមទំនាក់ទំនងទៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរដ្ឋ តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក និងចាំយូរផង ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុ ក៏មានវត្តមានរបស់លោក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ មកដល់ទីតាំងខាងលើ ហើយបានបញ្ជាឲ្យកូនចៅការពារកុំឲ្យមានមនុស្សចូលទៅក្នុងកន្លែងកើតហេតុ រង់ចាំឲ្យជំនាញធ្វើកោសល្យវិច័យ៕
មតិយោបល់