ព័ត៌មានជាតិ

ប្រយ័ត្នល្បិចឆបោកប្រាក់ទិញទំនិញលើបណ្តាញទំនាក់ទំនងសង្គម!

នាយកដ្ឋានព័ត៌មានវិទ្យា៖ មួយរយៈចុងក្រោយនេះ ការលក់ផលិតផល និងទិញទំនិញអនឡាញ កំពុងពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួនបានឈ្លៀតឱកាសនេះ​ ធ្វើការឆបោកជនរងគ្រោះជាមួយនឹងល្បិចកលថ្មីៗជាបន្តបន្ទាប់។
ថ្ងៃនេះក្រុមការងារសូមលើយកនូវល្បិចកលឆបោកប្រាក់ ដោយការលក់ទំនិញអនឡាញ​ ប្រើប្រាស់បច្ចេកទេសដូចខាងក្រោម៖
១) ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក ឬបង្ហោះក្នុងគេហទំព័រទិញលក់
២) ធ្វើការផ្សព្វផ្សាយផលិតផល តួយ៉ាងប្រើប្រាស់ Facebook Ads ជាមួយនឹងអត្ថបទ ឬវីដេអូទាក់ទាញ លើផលិតផលរបស់ខ្លួន (ឧទាហរណ៍៖ គុណភាពខ្ពស់ តម្លៃថោក ពុំមានលក់ក្នុងទីផ្សារ។ល។)
៣) ពុំបានផ្តល់នូវលេខទូរស័ព្ទទំនាក់ទំនង ពោលគឺអាចទាក់ទងតាមរយៈសារបណ្តាញសង្គមតែប៉ុណ្ណោះ
៤) ណែនាំអតិថិជនធ្វើការទូរទាត់ប្រាក់មុននឹងទទួលទំនិញ ដែលធាតុពិតពុំមានការបញ្ជូនទំនិញបន្ទាប់ពីជនខិលខូចទទួលបានប្រាក់ពីជនរងគ្រោះ។
ទាក់ទងនឹងការឆបោកខាងលើ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការបង្ក្រាបជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែមានជនខិលខូចមួយចំនួនបានបន្តប្រព្រឹត្តិអំពើល្មើសនេះជាបន្តបន្ទាប់។ ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន​ ពោលមិនត្រូវធ្វើការទូរទាត់ប្រាក់មុនពេលទទួលបានទំនិញ ពិសេសការទូរទាត់ប្រាក់ជាមួយការទិញផលិតផលអនឡាញពីអ្នកលក់ដែលអ្នកពុំបានស្គាល់ ឬពុំអាចទុកចិត្តបាន។
ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់