ព័ត៌មានជាតិ

ប្លន់ទៀតហើយ! ពលរដ្ឋរិះគន់អធិការក្រុងតាខ្មៅទើបទ្បើងថ្មី អសមត្ថភាព ទប់ស្កាត់បទល្មើសមូលដ្ឋានមិនបាន…

កណ្ដាលៈ កាលពីវេលា ម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុប៦០ម៉ែត្រ ផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានករណីក្រុមចោរ ធ្វើសកម្មភាពចូលប្លន់យកម៉ូតូជនរងគ្រោះ តែមិនបានសម្រេច។

ជនរងគ្រោះឈ្មោះ ហេង ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ភេសជ្ជៈ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត។ ចំណែកម៉ូតូ ដែលចោរប្រុងប្លន់នោះ ម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-9063 ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា គាត់ និងក្រុមគ្រួសារ បានមកលក់ភេសជ្ជ: នៅកន្លែងកើតហេតុដូចសព្វដង មុនពេលកើតហេតុ ខណៈគាត់កំពុងតែឲ្យកូនដេក ស្រាប់តែលេចមុខក្រុមជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកចាក់សាំង ដោយជនសង្ស័យម្នាក់ទៀត ដើរទៅជិតកូនរបស់គាត់ រួចទាញកាំបិតប៉័ងតោ មកភ្ជង់កូនគាត់ ហើយគំរាមយកសោម៉ូតូ។

ខណៈនោះ គាត់ក៏បានហៅប្ដី ឱ្យយកសោម៉ូតូ មកឲ្យក្រុមជនសង្ស័យ នៅពេលបានសោម៉ូតូហើយ ក្រុមជនសង្ស័យ ក៏ដើរទៅបណ្តើរម៉ូតូ ដែលចតទុកនៅខាងក្រោយកន្លែងលក់ តែស៊យអី បញ្ឆេះមិនឆេះ។ ភ្លាមៗនោះ ប្តីរបស់គាត់ បានទាញដំបងដេញ វាយជនសង្ស័យទាំង២នាក់ រងរបួសគួរសម រួចពួកវាក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋរស់នៅក្រុងតាខ្មៅ កំពុងមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពចោរប្លន់ គាស់ផ្ទះ ឆក់ ល្បែងស៊ីសង ចាប់តាំងពីលោក យី វណ្ណដា អធិការក្រុងតាខ្មៅ ទើបទ្បើងកាន់តំណែងថ្មីមក ហាក់បីដូចជាគ្មានសមត្ថភាព ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រងបានទាល់តែសោះ ឃើញនៅតែមានករណីប្លន់ជាប់ៗគ្នាដដែល ធ្វើឲ្យពលរដ្ឋអស់ជំនឿ។

ជាងនេះទៀត ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល មេត្តាជួយជំរុញបន្ថែមទៀត ចំពោះមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការពួនល្បាតស្ទាក់ជាប្រចាំផង កុំធ្វើតែមួយប្រាវហើយបាត់ឈឹងវិញ ភូមិឃុំមានសុវត្ថិភាព តើឲ្យពលរដ្ឋទុកចិត្តលើអ្នកណា៕

មតិយោបល់