ព័ត៌មានជាតិ

ម្ចាស់ដុតធូបបួងសួងសុំសេចក្ដីសុខ រួចចេញទៅផ្សារ បណ្ដាលឲ្យឆាបឆេះផ្ទះ

សៀមរាបៈ កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ នៅចំណុចភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះពីផ្លូវលេខ៦៧ ចម្ងាយពីអធិការដ្ឋានស្រុកប្រមាណ ៧គីឡូម៉ែត្រ មានករណីភ្លើងឆេះផ្ទះ របស់ឈ្មោះ អ៊ឹង ឈឿន ភេទប្រុស អាយុ ៥៣ឆ្នាំ។

ទទួលបានព័ត៌មានភ្លាមកំម្លាំងនគរបាលផ្នែកបង្ការទប់ស្កាត់អគ្គិភ័យ និងសង្គ្រោះកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលបាគង នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដោយមានការចូលរួមពីបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ទប់ស្កាត់កុំឲ្យឆេះរាលដាល់ដល់លំនៅដ្ឋាន ដែលនៅក្បែរកន្លែងកើតហេតុ រហូតដល់រលត់ទាំងស្រុង នៅវេលាម៉ោង១២និង០០នាទី ថ្ងៃខែដដែល។

ផ្ទះដែលរងការឆាបឆេះនេះ សាងសង់ពីឈើនៅផ្នែកខាងលើថ្មក្រោម ទំហំ ៦ម៉ែត្រ×១១ម៉ែត្រកម្ពស់ ៦ម៉ែត្រ ខូចខាតប្រមាណជិត៣០% និងសម្ភារះប្រើប្រាស់ដូចជា គ្រែពូក ដេកមួយឈុត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់ឡើយ ។

មូលហេតុ៖ បណ្ដាលមកពីម្ចាស់ផ្ទះដុតធូបថ្ងៃសីលបួងសួងសុំសេចក្ដីសុខ រួចហើយធ្វើដំណើរទៅផ្សារ៕

មតិយោបល់