គ្រប់គ្នាកំពុងទន្ទឹងរង់ចាំមើលថា តើក្រុមហ៊ុន Microsoft នឹងជ្រើសរើសនរណាឡើងកាន់តំណែងនាយកប្រតិបត្តិជំនួស លោក Steve Ballmer ដែលសម្រេចចិត្តចូលនិវត្តន៍នៅក្នុងរយៈពេល ១២ខែ?
មហាជន និងក្រុមអ្នកគាំទ្រជាច្រើនបានពេញចិត្តឲ្យលើក Bill Gates ឡើងកាន់តំណែងនាយកប្រតិបត្តិនេះវិញ ព្រោះថាគាត់មានបទពិសោធន៍ និងដឹងច្បាស់អំពីកិច្ចការផ្សេងៗនៅក្នុងក្រុមហ៊ុន។
មិនមែនមានតែមហាជន និងអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែលោក Marc Benioff នាយកប្រតិបត្តិក្រុមហ៊ុន Salesforce.com ក៏បានពេញចិត្តឲ្យលោក Bill Gates ឡើងកាន់តំណែងនេះវិញដែរ។
លោក Benioff បានប្រាប់សារព័ត៌មាន CNET ថា លោកមិនបានដឹងច្បាស់អំពីគោលការណ៍របស់ Microsoft នោះទេ ប៉ុន្តែអ្នកដែលមានជំនាញ និងយល់ច្បាស់អំពី Microsoftគឺមានតែ Bill Gates។
ក្រោយពីមានការជជែកជាច្រើនអំពីមុខតំណែងនាយកប្រតិបត្តិនេះ ក្រុមហ៊ុន Microsoft បានចេញសេចក្ដីជូនដំណឹងជាផ្លូវការមួយដោយដកស្រង់នូវសម្ដីរបស់លោក Bill Gates ថា “គ្មានផ្លូវដែលលោកត្រូវត្រឡប់ទៅកាន់តំណែងនោះវិញទេ។ បើសិនជាលោកមានឆន្ទៈចង់ធ្វើមែន លោកប្រកាសធ្វើជានាយកប្រតិបត្តិស្ដីទីចាប់តាំងពី Microsoft ប្រកាសពីការចូលនិវត្តន៍របស់លោក Steve Ballmer បាត់ទៅហើយ”។
តាមរយៈការជូនដំណឹងនេះ សបញ្ជាក់ឲ្យឃើញថា លោក Bill Gates គ្មានចេតនាឡើងកាន់តំណែងនាយកប្រតិបត្តិនោះទេ ចុះនរណានឹងក្លាយជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Software យក្សមួយនេះ? សូមរង់ចាំតាមដាន ជាមួយ ដំណឹង ទាំងអស់គ្នា៕
មតិយោបល់